សម្ដេចតេជោ ស្នើប្រធានរដ្ឋសភាកូរ៉េ ជំរុញអ្នកវិនិយោគិនមកកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងមានការកើនឡើង
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ជំរុញអ្នកវិនិយោគិនមកកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀត ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់។
សំណើនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ូ វ៉ន់ស៊ីក (Woo Won-Shik) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅវិមានរដ្ឋសភាសាធារណរដ្ឋកូរ៉េ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ បានសម្ដែងការពេញចិត្ត និងរីករាយចំពោះការកើនឡើងនូវទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាង សាធារណរដ្ឋកូរ៉េ និងកម្ពុជា មានការកើនឡើងយ៉ាងខ្លាំង។ ការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកន្លងមកនេះ បានបង្កលក្ខណៈកាន់តែងាយស្រួល សម្រាប់ក្រុមហ៊ុនកូរ៉េប្រមាណជាង២០០ បានទៅចូលរួមវិនិយោគនៅក្នុងប្រទេសកម្ពុជាកន្លងមក។
សម្ដេចតេជោ បានថ្លែងអំណរគុណ និងអបអរសាទរចំពោះការកើនឡើងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលធ្វើឲ្យទំហំពាណិជ្ជកម្មមានការកើនឡើង ហើយសូមថ្លែងអំណរគុណ និងសូមឲ្យរដ្ឋាភិបាលកូរ៉េ ជំរុញឲ្យអ្នកវិនិយោគទុនច្រើនថែមទៀតទៅកម្ពុជា។
បន្ថែមពីនេះ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ភាពអនុគ្រោះ និងសម្រួលដល់ពលករកម្ពុជា សម្រួលលក្ខខណ្ឌការងារ ដែលធ្វើឲ្យគេស្នាក់នៅបំពេញការងារ ហើយពេលត្រឡប់ទៅកម្ពុជាវិញ បាននាំយកទៅជាមួយនូវបច្ចេកទេសទំនើបទៅបង្កើតការងារនៅកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។
សម្តេចតេជោប្រធានព្រឹទ្ធសភា បានជម្រាបផងដែរថា រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងខិតខំការពារអ្នកវិនិយោគទុនកូរ៉េ និងខិតខំប្រឹងប្រែងដើម្បីការពារធានានូវសុខសន្តិភាពជារួមសម្រាប់អ្នកវិនិយោគពីបរទេសទាំងអស់។
សម្តេចតេជោ ក៏បានរំឭកថា សម្តេច និងលោក មូន ជេអ៉ីន បានពិភាក្សាគ្នា និងជំរុញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយពេលនេះរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា និងរដ្ឋាភិបាលកូរ៉េ បានចុះកិច្ចព្រមព្រៀងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។ តាមរយៈកិច្ចព្រមព្រៀងបង្កើតតំបន់សេដ្ឋកិច្ចពិសេស គឺអាចនឹងចេញជារូបរាង ដែលបង្កលក្ខណៈឲ្យអ្នកវិនិយោគកូរ៉េ ទៅមកវិនិយោគនៅកម្ពុជា មានការកើនឡើងសម្រាប់ធ្វើការកែច្នៃ និងនាំចេញមកកូរ៉េវិញ។
សូមជម្រាបថា គិតត្រឹមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានសរុបប្រមាណ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ខណៈការវិនិយោគរបស់កូរ៉េនៅកម្ពុជា ក្នុងទំហំទឹកប្រាក់សរុបជាង៥ពាន់លានដុល្លារ ៕