មហាអយ្យការអមតុលាការកំពូល ប្រកាសលទ្ធផលនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៩ នៅទីក្រុងវ្លាឌីវូស្តុក ប្រទេសរុស្ស៉ី
ភ្នំពេញ៖ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូលកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សរុបចំនួន ០៧រូប ចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៩ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងវ្លាឌីវូស្តុក សហព័ន្ធរុស្ស៊ី ក្រោមអធិបតីភាពរបស់លោកប្រធានាធិបតីសហព័ន្ធរុស្ស៊ី Vladimir Putin។
វេទិកានេះ មានការចូលរួមភ្ញៀវកិត្តិយស ដោយលោកអនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន Han Zheng លោកនាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី Anwar Ibrahim និងមានអ្នកចូលរួមដទៃទៀតសរុបប្រមាណជាង ៧០០០នាក់ មកពី ៧៥ប្រទេស។
មហាអយ្យការអមតុលាការកំពូលកម្ពុជា បានឲ្យដឹងថា វេទិកាសេដ្ឋកិច្ចបូព៌ា គឺជាវេទិកាអន្តរជាតិដ៏សំខាន់មួយសម្រាប់ការបង្កើត និងពង្រឹងទំនាក់ទំនងរវាងសហគមន៍វិនិយោគរុស្ស៊ី ជាមួយនឹងបណ្តាសហគមន៍វិនិយោគផ្សេងទៀតនៃសកលលោក ក្នុងគោលដៅ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃតំបន់ចុងបូព៌ារុស្ស៊ី និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្រោយពីបញ្ចប់នៃវេទិការនេះ លោក Yury Trutnev ឧបនាយករដ្ឋមន្ត្រី និងជាបេសកជនពិសេសរបស់ប្រធាធិបតីសហព័ន្ធរុស្សី បានសង្ខេបនូវលទ្ធផលនៃវេទិកាសេដ្ឋកិច្ចថា ប្រធានបទសំខាន់ៗនៅក្នុងវេទិកានេះ មានដូចជា ការផ្សព្វផ្សាយ និងការអភិវឌ្ឍទេសចរណ៍ ការអនុវត្តផែនការមេ ការបង្កើនសមត្ថភាពប្រព័ន្ធភស្តុភារកម្មថ្នាក់ស្រុកនៃចុងបូព៌ា និងការកែលម្អប្រសិទ្ធភាពនៃការដឹកជញ្ជូនកុងតឺន័រ ការកំណត់យន្តការសម្រាប់ផ្តល់ហិរញ្ញប្បទានដ៏សមរម្យមួយ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងវិនិយោគដែលជាអាទិភាព និងបញ្ហានៃ ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយលោកប្រធានាធិបតី បានគាំទ្រសំណើស្ទើរតែទាំងអស់ និងបានចាត់តាំងឱ្យរៀបចំជាបញ្ជីនៃបទបញ្ជារបស់គាត់សម្រាប់សំណើទាំងនោះ។ នៅក្នុងអំឡុងវេទិកាសេដ្ឋកិច្ចនេះ កិច្ចព្រមព្រៀង ចំនួន ២៥៨ ដែលមានតម្លៃសរុប RUB ៥,៣៩៥ ទ្រីលាន ត្រូវបានចុះហត្ថលេខា។
ក្រៅពីប្រធានបទពាក់ព័ន្ធនឹងវិនិយោគ និងធុរកិច្ច វេទិកាអន្តរជាតិនេះ ក៏បានពិភាក្សាអំពីការវិវត្តន៍នៃយន្តការផ្លូវច្បាប់សម្រាប់ការពារអ្នកវិនិយោគ និងធុរជននៃប្រទេសជាសមាជិក តាមរយៈច្បាប់ស្តីពីវិនិយោគ ច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ផ្សេងៗដទៃទៀត ក៏ដូចជាលើកឡើងអំពីតួនាទីរបស់ស្ថាប័នអយ្យការ ឬព្រះរាជអាជ្ញា និងស្ថាប័នពាក់ព័ន្ធនៅតាមបណ្តាប្រទេសនានាក្នុងការចាត់វិធានការផ្លូវច្បាប់ក្នុងគោលដៅដើម្បីលើកទឹកចិត្ត និងការពារអ្នកវិនិយោគ និងធុរជនតាមរយៈអនុវត្តច្បាប់ដែលពាក់ព័ន្ធទាំងនោះ ៕