រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យអុំទូក និងបណ្តែតប្រទីបនៅតាមបណ្តោយដងស្ទឹងសង្កែ រយៈពេល២ថ្ងៃ
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំប្រជុំក្រុមការងារដើម្បីពិនិត្យពិភាក្សាលម្អិតពីកម្មវិធីផ្សេងៗសម្រាប់រៀបចំពិធីបុណ្យអុំទូកខេត្តបាត់ដំបង ដែលគ្រោងធ្វើនៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។
ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅសាលាខេត្តបាត់ដំបង នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ បានណែនាំដល់ក្រុមការងារទាំងអស់ត្រូវត្រៀមលក្ខណៈ និងរៀបចំចាត់ចែងអនុវត្តន៍ការងារទៅតាមផ្នែកនីមួយៗដោយចាប់ផ្ដើមពីឥឡូវនេះជាបណ្ដើរៗសំដៅជំរុញការងារឱ្យបានរៀបរយមុនថ្ងៃពិធីចាប់ផ្ដើម។
ឯកឧត្តមអភិបាលខេត្ត ណែនាំដល់ក្រុមការងារត្រូវពិនិត្យឡើងវិញលើការរៀបចំកម្មវិធីកម្សាន្តសប្បាយផ្សេងៗធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញ ប្លែកៗជាងឆ្នាំមុនៗ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងការចូលរួមចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិដ៏រុងរឿងជាពិសេសទំនៀមទម្លាប់របស់ខេត្តបាត់ដំបងក៏ដូចជាការបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ រដ្ឋបាលខេត្តបាត់ដំបងគ្រោងរៀបចំពិធីបុណ្យអុំទូក និងបណ្តែតប្រទីបនៅតាមបណ្តោយដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃនៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ដោយមានការប្រណាំងទូកង ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមួង ទូកផ្កាចារ និងនៅពេលរាត្រី គឺមានការរៀបចំបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចជាដើម។
សូមរំលឹកថា ពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង រយៈពេល២ថ្ងៃ កាលពីឆ្នាំ២០២៣បានបញ្ចប់ទៅដោយជោគជ័យ និងទាក់ទាញអ្នកចូលរួមបានយ៉ាងច្រើនកុះកររហូតដល់ជាង១លាននាក់៕