រដ្ឋមន្ត្រីការពារជាតិកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ នៅទីក្រុងប៉េកាំង ប្រទេសចិន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា ចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ការអញ្ជើញចូលរូមក្នុងវេទិការខាងលើ បានធ្វើឡើងដោយតបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមនាវី ដុង ជុន (Dong Jun) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋ ប្រជាមានិតចិន។
តាមសេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិ បានឱ្យដឹងថានៅក្នុងឱកាសនៃការចូលរួមវេទិកាប៉េកាំងសៀងសាន ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹង ឡើងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គទី២ ស្ដីពី «ពហុប៉ូល និងការវិវត្តសណ្តាប់ធ្នាប់អន្តរជាតិ»។
ក្នុងអំឡុងពេលនៃការ ចូលរួមវេទិកានេះដែរឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្ដមសេនីយ៍ ចាំង យូសៀរ អនុប្រធានទី១ គណៈកម្មការយោធាមជ្ឈិមចិន ដើម្បីជំរុញចំណងទំនាក់ទំនង មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅថែមទៀត។
ជាមួយគ្នានោះ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារ ប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋមន្ត្រីការពារប្រទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមានជំនួបទ្វេភាគី ជាមួយដៃគូសន្ទនាមួយចំនួនទៀត ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខជាមួយគ្នាផងដែរ ៕