អារ៉ាប់ ជំរុញឱ្យអ៊ីស្រាអែល ដកកងទ័ពរបស់ខ្លួនទាំងស្រុងចេញ ពីតំបន់ហ្គាហ្សាស្ទ្រីប
គែរ៖ រដ្ឋមន្ត្រីការបរទេសនៃ ប្រទេសអារ៉ាប់កាលពីថ្ងៃអង្គារ បានជំរុញឱ្យអ៊ីស្រាអែល ដកកងទ័ពរបស់ខ្លួនទាំងស្រុងចេញ ពីតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងពីច្រករបៀង Philadelphia និងច្រកឆ្លងកាត់រ៉ាហ្វា។
រដ្ឋមន្ត្រីទាំងនោះបានច្រានចោលយ៉ាងដាច់អហង្ការ ចំពោះផែនការរបស់អ៊ីស្រាអែលសម្រាប់ “ថ្ងៃបន្ទាប់ពីការឈ្លានពានរបស់ខ្លួន” និងការគ្រប់គ្រងរបស់ខ្លួន លើផ្នែកណាមួយនៃតំបន់ហ្គាហ្សា នេះបើយោងតាមដំណោះស្រាយ ដែលបានចេញផ្សាយបន្ទាប់ពី សម័យប្រជុំលើកទី១៦២ នៃក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់ (AL) នៅកម្រិតរដ្ឋមន្ត្រីដែលបានធ្វើឡើងនៅទីក្រុងគែរ របស់ប្រទេសអេហ្ស៊ីប។
ក្រៅពីមន្ត្រីមកពីអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan ក៏បានចូលរួមកិច្ចប្រជុំនេះផងដែរ ដែលនេះជាការចូលរួមលើកដំបូង របស់អ្នកការទូតកំពូលតួកគី ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី AL ក្នុងរយៈពេល ១៣ឆ្នាំ។
ដំណោះស្រាយបានឲ្យដឹងថា ព្រំដែនប៉ាឡេស្ទីន-អេហ្ស៊ីប គឺជាព្រំដែនអធិបតេយ្យភាពដែល “មិនគួរត្រូវបានប៉ះពាល់” ដោយសង្កត់ធ្ងន់ថា “តម្រូវការ ដើម្បីធ្វើប្រតិបត្តិការឆ្លងកាត់ច្រករ៉ាហ្វា ស្របតាមច្បាប់ ដែលអាចអនុវត្តបាន និងដើម្បីដកចេញនូវឧបសគ្គទាំងអស់ ប្រយោជន៍ទទួលបានសុវត្ថិភាព គ្រប់គ្រាន់ និងឆាប់រហ័សតាមរយៈការឆ្លងកាត់ជំនួយមនុស្សធម៌”។
គួរបញ្ជាក់ថា កងទ័ពអ៊ីស្រាអែល បានកាន់កាប់ច្រករបៀង Philadelphia ដែលជាតំបន់ការពារទទឹង ១០០ ម៉ែត្រ និងបណ្តោយ ១៤គីឡូម៉ែត្រ តាមបណ្តោយព្រំដែនអេហ្ស៊ីប-ហ្គាហ្សា និងច្រកឆ្លងកាត់រ៉ាហ្វា ក្នុងខែឧសភា ដោយបញ្ឈប់ការចូលនៃរថយន្ត ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា៕