ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ការចុះអនុស្សរណៈនៅថ្ងៃនេះ គឺដើម្បីប្រមូលផ្ដុំនូវស្ថាប័ន បញ្ញវន្ដ ដែលមានចំណេះ ជំនាញ និងគំនិតយោបល់ពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ក្រសួង ដ.ន.ស ) បានចុះអនុស្សរណៈជាមួយបណ្ដាអង្គភាពសារព័ត៌មាន សាកលវិទ្យាល័យ និងគណៈស្ថាបត្យកម្មកម្ពុជា ក្នុងពេលតែមួយកាលពីថ្ងៃអង្គារទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលសន្និបាត ២០២១ ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
ក្នុងឱកាសនោះឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា គោលបំណងចម្បងនៃការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ គឺដើម្បីប្រមូលផ្ដុំនូវស្ថាប័ន និងបញ្ញវន្ដ ដែលមានចំណេះ ជំនាញ និងគំនិតយោបល់ពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅក្នុងប្រទេសកម្ពុជា សម្ដៅពង្រីកវិសាលភាពក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឱ្យបានកាន់តែទូលំទូលាយថែមទៀត ។
ឯកឧត្តមបន្ថែមថា ការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ ក៏ដើម្បីកសាងសមត្ថភាពមន្ត្រី និងស្ថាប័ន ថែមទាំងជាការលើកទឹកចិត្ត និងផ្ដល់ឱកាសដល់និស្សិតគ្រប់រូបឱ្យមានទីកន្លែង ដើម្បីបំពេញបំណងប្រាថ្នា និងឧបនិស្ស័យរបស់ខ្លួនពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី ។ នេះជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ និងកត្តាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលផ្ដោតទៅលើធនធានមនុស្ស ការកសាងសមត្ថភាពមន្ត្រី សមត្ថភាពស្ថាប័ន និងការលើកទឹកចិត្តមន្ត្រី។
ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា អនុស្សរណៈដែលចុះហត្ថលេខានៅថ្ងៃនេះត្រូវបានរៀបចំចំនួន២ ។ទី១.អនុស្សរណៈយោគយល់គ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយនឹងសាកលវិទ្យាល័យចំនួន៩ ។អនុស្សរណៈទី១នេះ មានវិសាលភាពលើកិច្ចការពាក់ព័ន្ធនឹងកិច្ចការងារច្បាប់ និងការដោះស្រាយវិវាទដូចជា ការចូលរួមតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដទៃទៀត ក្នុងវិស័យដែលជាសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការចូលរួមក្នុងយន្តការដោះស្រាយវិវាទនានាស្ថិតក្រោមសមត្ថកិច្ចរបស់ ក្រសួង ដ.ន.ស និង ការចូលរួមជាមួយក្រុមមេធាវីស្ម័គ្រចិត្ត នៃក្រសួង ដ.ន.ស. ដើម្បីសិក្សារៀនសូត្រ និងសម្របសម្រួលដោះស្រាយលើសំណើផ្សេងៗដែលប្រជាពលរដ្ឋស្នើមក ក្រសួង ដ.ន.ស ។
ចំណែកអនុស្សរណៈទី២ គឺជាអនុស្សរណៈយោគយល់គ្នា រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈស្ថាបត្យករកម្ពុជា ជាមួយសាកលវិទ្យាល័យ និងវិទ្យាស្ថានដើម្បីកិច្ចសហការលើការអភិវឌ្ឍវិស័យទាំងឡាយក្រោមសមត្ថកិច្ចរបស់ក្រសួង ដ.ន.ស និងចូលរួមពង្រឹងសមត្ថភាពអ្នកវិជ្ជាជីវៈ និងបណ្ដុះបណ្ដាលនិស្សិតរបស់សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំងអស់ ។
នៅថ្ងៃនេះដែរក៏មានការចុះអនុស្សរណៈរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយអង្គភាពសារព័ត៌មានចំនួន៣ផងដែរ រួមមានបណ្ដាញសារព័ត៌មាន អប្សរា មេឌា សឺវីស (AMS) អង្គភាពសារព័ត៌មាន ហ្វ្រេសញូវ និងសារព័ត៌មានខ្មែរ ចិន ( ស៊ីស៊ីថាមស៍ ) ៕