ប្រទេសថៃប្រកាសអាសន្នទឹកជំនន់សម្រាប់ខេត្តចំនួន៤៨ រួមទាំងរាជធានីបាងកក
បាងកក៖ ប្រជាពលរដ្ឋនៅក្នុងខេត្តចំនួន៤៨របស់ប្រទេសថៃ រួមទាំងរាជធានីបាងកក កំពុងត្រូវបានព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដែលអាចកើតមានរហូតដល់ថ្ងៃទី១៨ ខែកញ្ញា។
ការិយាល័យធនធានទឹកជាតិ ហៅកាត់ថា ONWR បានរាយការណ៍ថា ផ្លូវខ្យល់មូសុងភាគខាងជើងនឹងរំកិលចុះទៅលើប្រទេសថៃនៅចន្លោះថ្ងៃទី១៣ ខែកញ្ញា ដល់ថ្ងៃទី១៨ ខែកញ្ញា។ ទន្ទឹមនឹងនោះ ខ្យល់មូសុងនិរតីនឹងបង្កឱ្យមានភ្លៀងធ្លាក់បន្ថែមទៀត ដោយមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខ្លះ។ ONWR បានព្រមានសហគមន៍ដែលងាយរងគ្រោះដោយទឹកជំនន់ឱ្យទប់ទល់នឹងទឹកជំនន់ភ្លាមៗក្នុងអំលុងពេលនោះ។ ទឹកជំនន់ភ្លាមៗត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់ខេត្តចំនួន១៣នៅភាគខាងជើង ១៣នៅភាគឦសាន ៨នៅវាលទំនាបកណ្តាល ៦នៅភាគខាងកើត និង៨នៅភាគខាងត្បូង។
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយបានរាយការណ៍ថា ទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយឥទ្ធិពលព្យុះទីហ្វុងយ៉ាកជី បានឆក់យកជីវិតមនុស្ស៤នាក់នៅភាគខាងជើងប្រទេសថៃ។ អ្នកស្លាប់ពីរនាក់ដោយសារការបាក់ដីនៅក្នុងខេត្តឈៀងម៉ៃ និងពីរនាក់ទៀតនៅឈៀងរ៉ៃ នៅជិតព្រំដែនមីយ៉ាន់ម៉ា។ នាយកដ្ឋានឧតុនិយម ក៏បានព្រមានអំពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតរហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ជាមួយនឹងហានិភ័យនៃទឹកជំនន់ភ្លាមៗ។ យោងតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះជាតិ មនុស្សសរុបចំនួន២៩នាក់បានស្លាប់នៅក្នុងគ្រោះមហន្តរាយដែលទាក់ទងនឹងភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីការចាប់ផ្តើមនៃរដូវកាលនេះ។