សត្វក្របីចំនួន៦ក្បាលងាប់ភ្លាមៗមួយរំពេច ដោយរន្ទះបាញ់ នៅស្រុកព្រះនេត្រព្រះ
ភ្នំពេញ៖ យ៉ាងហោចណាស់មានសត្វក្របីចំនួន៦ក្បាលបានងាប់ភ្លាមៗមួយរំពេចខណះកំពុងដើរស៊ីស្មៅ ដោយរន្ទះបាញ់។ ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ចម្ងាយ២០០ម៉ែត្រខាងលិចភូមិរំពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
នគរបាលរដ្ឋបាលឃុំឈ្នួរមានជ័យបានឲ្យដឹងថា ម្ចាស់ក្របីឈ្មោះ សែម វែងនិងប្រពន្ធឈ្មោះម៉ៅ ប៉ាក រស់នៅភូមិរំពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។
នគរបាលបន្តថា តាមការរៀបរាប់ពីម្ចាស់ក្របី មុនពេលកើតហេតុគាត់បានលែងសត្វក្របីរបស៎គាត់ចំនួន៦ក្បាល ក្នុងនោះឈ្មោល៣ក្បាលឲ្យដើរស៊ីស្មៅខាងលិចភូមិចម្ងាយប្រហែល២០០ម៉ែត្រ ក្រោយមកមេឃបានធ្លាក់ភ្លៀងមួយមេមធ្យម លាយឡំជាមួយខ្យល់និងផ្គររន្ទះយ៉ាងខ្លាំង ពេលនោះរន្ទះបានបាញ់សត្វក្របីរបសគាត់ងាប់ទាំង៦ក្បាល (ឈ្មោល៣ក្បាល) ប៉ុន្តែមិនមានប៉ះពាល់ដល់មនុស្សទេ៕