ឯកឧត្តម ប៊ិន ត្រឈៃ កោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះមន្ទីរផែនការខេត្តរតនគិរីនិងមន្ត្រីរាជការក្រោមឱវាទ ដែលខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចយ៉ាងសកម្មនាពេលកន្លងមក
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អមដោយគណៈប្រតិភូអមដំណើរនៃក្រសួងផែនការ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តរតនគិរី។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក ម៉ួង ប៉ាង អភិបាលរងខេត្តរតនគិរី តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងសហការីអមដំណើរឯកឧត្តមរដ្ឋមន្ត្រី។
បន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងរបាយការណ៍របស់លោក ខេង សារ៉ាត ប្រធានស្តីទីមន្ទីរផែនការខេត្តរតនគិរី ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញមានមតិសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ក្នុងពិធី។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខេត្តរតនគិរី គឺជាខេត្តទី១៩ហើយ ក្នុងបេសកកម្មជួបសំណេះសំណាលនិងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការ ដែលជាអង្គភាពក្រោមឱវាទក្រសួងផែនការ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់អនុសាសន៍ដល់រដ្ឋមន្ត្រីជំនាន់ថ្មី ត្រូវចុះសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអង្គភាពក្រោមឱវាទទូទាំងប្រទេស ក្នុងគោលបំណងដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងដើម្បីពង្រឹងនិងផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត មកដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តរតនគិរី ដែលជាការបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់និងការនឹករលឹករបស់ប្រមុខរាជរដ្ឋាភិបាល មកដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ នៃមន្ទីរផែនការរាជធានី ខេត្ត ក៏ដូចជាមន្ទីរផែនការខេត្តរតនគិរី ផងដែរ។
មានប្រសាសន៍ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈជុំវិញចក្ខុវិស័យរបស់កម្ពុជា ដើម្បីប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ ក្នុងឆ្នាំ២០៥០។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលឹកថា ចក្ខុវិស័យឆ្នាំ២០៥០ គឺជាចក្ខុវិស័យដ៏វែងឆ្ងាយមួយ ដែលរាជរដ្ឋាភិបាលជំនាន់មុន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគិតគូរ និងអនុវត្ត ព្រមទាំងសម្រេចបានសមិទ្ធផលជាច្រើនរាប់ពុំអស់ ដើម្បីជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ជាតិ ដែលក្នុងនោះរួមមាន ការដាក់ចេញនូវ យុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា ហើយបច្ចុប្បន្នយើងមានយុទ្ធសាស្ត្របញ្ចកោណ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ កំពុងបន្តផ្ដោតការយកចិត្តទុកដាក់អនុវត្ត សំដៅសម្រេចបានចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។
ផ្សារភ្ជាប់នឹងបរិការណ៍នេះ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកអំពីស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល គឺ “ការកែទម្រង់ និងពង្រឹងអភិបាលកិច្ច”។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការកសាងមូលធនមនុស្ស ដែលក្នុងនោះមាន ការអភិវឌ្ឍផ្នែកចំណេះដឹង ផ្សារភ្ជាប់នឹងសីលធម៌ផងដែរ ពោលគឺ “ធនធានមនុស្សសម្រាប់ពេលអនាគត ត្រូវមានទាំងចំណេះដឹង និងសីលធម៌”។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចំណូលរបស់ប្រជាជនម្នាក់ៗកើនឡើង ពុំមែនជាគោលដៅតែមួយគត់ ដែលរាជរដ្ឋាភិបាលត្រូវសម្រេចបាន ក្នុងឆ្នាំ២០៥០ឡើយ ប៉ុន្តែត្រូវរួមផ្សំជាមួយកត្តាសុភមង្គល “Happiness” របស់ប្រជាពលរដ្ឋផងដែរ។ យ៉ាងណាមិញ កត្តាចម្បងដើម្បីសម្រេចបានចក្ខុវិស័យ ឬគោលដៅទាំងអស់នោះ ទាមទារនូវ សន្តិភាព និងស្ថិរភាព ដែលជាគ្រឹះនៃការអភិវឌ្ឍ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា “សន្តិភាពមួយ ការអភិវឌ្ឍមួយ និងការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមភាព” នឹងនាំកម្ពុជារក្សាបាននូវសន្តិភាពគង់វង្សយូរអង្វែង និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការងារអន្តរក្រសួង ដែលមានក្រសួងផែនការជាអ្នកដឹកនាំសម្របសម្រួល ប្រមែប្រមូល និងចងក្រងរៀបចំជាគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងធនធានទិន្នន័យ សម្រាប់ក្រសួងស្ថាប័នជាតិយកទៅប្រើប្រាស់។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងផែនការ នឹងពុំអាចសម្រេចបានលទ្ធផលការងារកន្លងមកនិងពេលអនាគត ជូនរាជរដ្ឋាភិបាលនោះឡើយ ប្រសិនបើពុំមានកិច្ចសហការពីក្រសួងស្ថាប័នទាំងអស់ នៃរាជរដ្ឋាភិបាលនោះទេ។ ការផ្ដល់ធាតុចូលនិងទស្សនទានបានទាន់ពេលវេលា ជាកត្តាយ៉ាងសំខាន់ ឈានទៅសម្រេចបានការកសាងផែនការយុទ្ធសាស្ត្រ គោលនយោបាយ ដែលមានភាពប្រទាក់ក្រឡា និងប្រសិទ្ធភាពខ្ពស់ សម្រាប់ការអភិវឌ្ឍជាតិ។
ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកផងដែរនូវសមិទ្ធផលនិងវឌ្ឍនភាពការងារខ្លះៗ របស់ក្រសួងផែនការ ក្នុងរយៈពេលជាង១ឆ្នាំកន្លងមក ដែលក្នុងនោះរួមមាន៖ (១) ការតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍ (២) ការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (៣) ការងាររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (៤) ការគ្រប់គ្រងមូលដ្ឋានទិន្នន័យឃុំសង្កាត់ និង (៥) យន្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃ។
មានមតិសំណេះសំណាលក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលោកប្រធានស្ដីទីមន្ទីរផែនការខេត្តរតនគិរីនិងមន្ត្រីរាជការក្រោមឱវាទ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចយ៉ាងសកម្មនាពេលកន្លងមក និងបានលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ ក្នុងការបន្តកសាងនិងអភិវឌ្ឍសមត្ថភាព ដើម្បីក្លាយជាធនធានមនុស្ស និងជាសសរទ្រូងសម្រាប់អង្គភាព។
ជាមួយគ្នាផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលឹកអំពីសារៈសំខាន់ នៃការកសាងព្រែកជីកហ្វូណន-តេជោ និងផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) និងអំពាវនាវដល់មន្ត្រីរាជការទាំងអស់ ឱ្យបន្តផ្សព្វផ្សាយដល់អ្នកជុំវិញខ្លួន ដើម្បីជៀសផុតពីការបោកបញ្ឆោត ញុះញង់ ពីក្រុមប្រឆាំងជ្រុលនិយម៕