សម្តេចធិបតី៖ ការពង្រីក និងការកសាងចំណតផែកុងតឺន័រទឹកជ្រៅថ្មីទាំង ៣ជំហាន នឹងជួយផែរបស់កម្ពុជា អាចប្រកួតប្រជែងជាមួយផែលើពិភពលោក
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការពង្រីក និងការកសាង ចំណតផែកុងតឺន័រទឹកជ្រៅថ្មីទាំង ៣ជំហាន នឹងជួយផែរបស់កម្ពុជា អាចប្រកួតប្រជែងជាមួយផែលើពិភពលោក។
ក្នុងឱកាសអញ្ជើញសម្ពោធចំណតផែកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃជិត ៤០លានដុល្លារ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មទទួលបានពីកំណើនបរិមាណទំនិញ និង កុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ការពង្រីក និងការកសាង ៣ជំហានទៀត នឹងជួយផែរបស់កម្ពុជា អាចប្រកួតប្រជែងជាមួយផែលើពិភពលោក ហើយកន្លែងដឹកជញ្ជូនទំនិញជាកន្លែងប្រកួតប្រជែងហើយ គឺជួយការផលិតដំណើរ ការដឹកជញ្ជូនដើរ នោះនឹងជួយដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចជាតិ។ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តរឹងមាំ ផ្នែកឡូជីស្ទីកនេះ គឺជួយឱ្យប្រទេសជាតិមានលំនឹង និងមានសក្តានុពលកាន់តែខ្លាំងនៅថ្ងៃអនាគត»។
ចំណតផែកុងតឺន័របន្ថែមនេះ ត្រូវបានសាងសង់ និងស្តារជម្រៅ ទឹកដល់ ១១,៥ម៉ែត្រ និងការបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើប រួមមានគ្រឿងចក្រលើកដាក់កុងតឺន័រ នៅគែមផែប្រភេទ QGC ចំនួន ២គ្រឿង, និងគ្រឿងចក្រលើកដាក់កុងតឺន័រ នៅទីលានប្រភេទ RTG ចំនួន ៦គ្រឿង រួមទាំងការបំពាក់សម្ភារបរិក្ខារសំខាន់ៗផ្សេងទៀតដែលនឹងជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមនេះបានប្រមាណ ៤៥ម៉ឺនTEUs/ឆ្នាំ។
ចំណតផែកុងតឺន័របន្ថែមថ្មីនេះបាននឹងកំពុងជួយបំពេញបន្ថែមនូវមុខងាររបសកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី៥៥ ម៉ឺន TEUs/ឆ្នាំ ទៅ ១លាន TEUs/ឆ្នាំ និងអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានជម្រៅទឹក១០,៤ម៉ែត្រ ចូលចតបានដែលតាមការព្យាករណ៍ គឺកើនឡើងពី ១៨ភាគ រយ ទៅប្រមាណ ៣៨ភាគរយ នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែកសម្រាប់នាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កើនឡើងរហូតដល់ ៤៩,២៥ភាគរយ ៕