ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ ខេត្តព្រះសីហនុ
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនេះ នឹងពង្រីកសមត្ថភាព និងទំនើបកម្មកំពង់ផែ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន មុននឹងយើងទទួលបានសមិទ្ធផលចំណតផែកុងតឺន័រទឹកជ្រៅថ្មីទាំង ៣ ជំហាន នាពេលអនាគត។
ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាននិងកំពុងជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៤ម៉ែត្រ អាចចូលចតបាន ដែលតាមការព្យាករណ៍ គឺកើនឡើងពី ១៨% ទៅប្រមាណ ៣៨% នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែក សម្រាប់នាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានកើនឡើងរហូតដល់ ៤៩,២៥%។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មដែលទទួលបានពីកំណើនបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ ៕