CLV-DTA៖ ដំណើរការស្រាវជ្រាវឈ្វេងយល់ការពិតនៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម របស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
ភ្នំពេញ៖ ក្នុងនាមជាអ្នកដែលបានចូលរួមប្រឡូកផ្ទាល់នៅក្នុងការងារកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅជំរុញលើកកម្ពស់ការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ-វៀតណាម ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានទទួលជួប ឯកឧត្តម ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងជាប្រធានគណបក្សយុវជនកម្ពុជា កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ដើម្បីពិភាក្សា បង្ហាញ ក៏ដូចជាផ្តល់ជូននូវព័ត៌មាន និងប្រវត្តិសាស្ត្រជាក់ស្តែង ពាក់ព័ន្ធដំណើរការនៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ក៏ដូចជាការរីកចម្រើនថ្មីៗ ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនេះ ហើយកំពុងលេចឡើងនៅក្នុងខេត្តសមាជិក CLV-DTA របស់កម្ពុជា។
ឯកឧត្តម ពេជ្រ ស្រស់ បានវាយតម្លៃខ្ពស់ចំពោះឱកាសដ៏ធំធេងនេះ និងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យឯកឧត្តម បានចូលជួបពិភាក្សាជាមួយឯកឧត្តមប្រធានគណៈកម្មការ និងទទួលបាននូវព័ត៌មានចាំបាច់សំខាន់ៗ ដោយផ្អែកលើប្រវត្តិសាស្ត្រពិត សម្រាប់ការចងក្រងផលិតជាឯកសារជូនសាធារណជន និងយុវជនជំនាន់ក្រោយ ឱ្យបានយល់ច្បាស់នូវកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម(CLV-DTA) ៕