រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញបិតវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្ដីរាជការក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ” វគ្គ២ កម្រិតទី៣
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពីធីបិតវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្ដីរាជការក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ” វគ្គ២ កម្រិតទី៣ ជូនសិក្ខាកាមដែលជាប្រធានការិយាល័យថ្នាក់កណ្តាល មកពីអង្គភាពចំណុះទីស្ដីការក្រសួង និងអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ , ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោកជំទាវ អគ្គាធិការស្ដីទី។
ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើរបាយការណពីលទ្ធផលនៃវគ្គបណ្ដុះបណ្ដាលនេះថា ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ” វគ្គ២ កម្រិតទី ៣ នាពេលនេះក្នុងគោលបំណងឱ្យថ្នាក់ដឹកនាំតាមបណ្ដាអង្គភាព ក្រោមឱវាទក្រសួងមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤-២០២៨, ផែនការយុទ្ធសាស្ត្រថវិកា ២០២៥-២០២៧,ការគ្រោងផែនការថវិកាសមិទ្ធកម្មប្រចាំឆ្នាំ២០២៥, លក្ខណៈវិនិច្ឆ័យ នីតិវិធីនៃការជ្រើសរើសភូមិគំរូ, និងដំណើការនៃការធ្វើបរិវត្តន៍កម្មឌីជីថលក្នុងវិស័យអភិវឌ្ឍន៍ជនបទ។
ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងការអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនាពេលនេះ ប្រកបដោយភាពជោគជ័យ និងបានថ្លែងអំណរគុណចំពោះ គ្រូឧទ្ទេសទាំងអស់ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្ត្រីរាជការនៃក្រសួងភិវឌ្ឍន៍ជនបទ។
ឯកឧត្ដមរដ្ឋមន្រ្តី បានផ្ដាំផ្ញើដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គ ត្រូវយកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបាននៅថ្ងៃនេះទៅអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ។បន្ថែមពីនេះមន្ត្រីរាជការដែលជាសិក្ខាកាមទាំងអស់ត្រូវយកចំនេះដឹងដែលទទួលបាននាពេលនេះទៅផ្សព្វផ្សាយបន្តដល់អង្គភាពសមុីរៀងៗខ្លួន និងខិតខំអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត និងត្រូវមានបុរេសកម្មការងារ ត្រូវចេះវិភាគស្ថានការណ៍ឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីអភិវឌ្ឍស្ថាប័ន្ធខ្លួន និងប្រទេសជាតិ និងចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ឆ្នាំ២០៥០៕