ក្រសួងអប់រំ បដិសេធទាំងស្រុង និងថ្កោលទោសចំពោះការផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធការកាត់បៀវត្សរបស់គ្រូបង្រៀន ដើម្បីចូលវិភាគទាន ក្នុងគម្រោងអភិវឌ្ឍន៍តាមព្រំដែន
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ថ្មីៗនេះក្រុមជនអគតិបានបំផុសបំផុល និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងការកាត់បៀវត្សរបស់គ្រូបង្រៀនដើម្បីចូលវិភាគទានទៅក្នុងគម្រោងអភិវឌ្ឍន៍តាមព្រំដែន ដោយកាត់យកតែម្តង និងដោយមិនបានសួរយោបល់ពីគ្រូបង្រៀន។
ពាក់ព័ន្ធករណីនេះក្រសួងអប់រំ បានបដិសេធទាំងស្រុង និងថ្កោលទោសចំពោះសកម្មភាពបំផុសបំផុល និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលមានចរិតជាសកម្មភាពញុះញង់ក្នុងរូបភាពអាក្រក់ និង មើលស្រាលដល់ស្មារតីមហាសាមគ្គីជាតិខ្មែរ និងទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានបរិច្ចាគវិភាគទានផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈ“មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិកម្ពុជារបស់យើង ។