អភិបាលខេត្តស្ទឹងត្រែង ជួបសំណេះសំណាល និងចុះ MOU ជាមួយអគ្គនាយកប្រៃសណីយ៍កម្ពុជា លើសេវាចែកបញ្ញើដល់គោលដៅចុងក្រោយ
ភ្នំពេញ៖ ដើម្បីឆ្លើយតបនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជម្រុញការផ្តល់សេវាសាធារណៈឱ្យកាន់ តែល្អប្រសើរនិងជួយសម្រួលបន្ទុកចំណាយពេលពេលវេលារបស់ប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណៈនៅរដ្ឋបាលខេត្តតាមរយៈអង្គភាពច្រកចេញចូលតែមួយ ដោយប្រៃសនីយ៍កម្ពុជា និងរដ្ឋបាលខេត្តស្ទឹងត្រែងបានយល់ព្រមបង្កើតអនុស្សារណៈយោគយល់ដើម្បីសហការក្នុងការផ្តល់សេវាប្រៃសណីយ៍(សេវាចែកបញ្ញើដល់គោលដៅចុងក្រោយ) ជូនដល់ប្រជាពលរដ្ឋ ដែលមានតម្រូវការក្នុងការប្រើប្រាស់ សេវាបញ្ញើរបស់ប្រៃសណីយ៍កម្ពុជា។
ការសំណេះសំណាលរវាងលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានគាំទ្រទាំងស្រុង នូវការចុះអនុស្សារណៈនេះ ក្នុងគោលបំណងកិច្ចសហប្រតិបត្តិការសេវាប្រៃសណីយ៍នូវឯកសាររដ្ឋបាលពីរដ្ឋបាលខេត្ត តាមរយៈអង្កភាពចេញចូលតែមួយរបស់ខេត្ត ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ រវាងរដ្ឋបាលខេត្តនិងប្រៃសណីយ៍កម្ពុជា ។
អនុស្សារណៈនៃការយោគយល់នេះ មានវិសាលភាពអនុវត្តចំពោះតែកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវា ប្រៃសណីយ៍ជូនប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណៈពីច្រកចេញចូលតែមួយរបស់ខេត្តតាមការស្ម័គ្រចិត្តរបស់ អតិថិជនតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា
នៅក្នុងឱកាសសំណេះសំណាលដើម្បីសុំការគាំទ្រពីឯកឧត្តមអភិបាលខេត្ត ប្រៃសណីយ៍កម្ពុជា បានចុះហត្ថលេខា អនុស្សារណៈយោគយល់ ជាមួយរដ្ឋបាលខេត្ត និងចុះហត្ថលេខាអនុស្សារណៈយោគយល់ជាមួយរដ្ឋបាលក្រុងស្ទឹងត្រែង៕