ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី នាខែក្រោយ
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ទី១២ ខែកញ្ញាថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅខែក្រោយ សម្រាប់កិច្ចប្រជុំកំពូលនៃប្លុកសេដ្ឋកិច្ចកំពុងអភិវឌ្ឍ BRICS ជាដំណើរទស្សនកិច្ចលើកទីពីររបស់លោក ចាប់់តាំងពីវិមានក្រឹមឡាំង បញ្ជូនកងទ័ពឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។
លោក វ៉ាង បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅទីក្រុងសេន ពេទឺស្ប៊ើគ (Saint Petersburg) ហើយអ្នកទាំងពីរបានសាទរចំពោះទំនាក់ទំនងរវាងប្រទេសកុម្មុយនីស្ដទាំងពីរ។ លោក វ៉ាង បានប្រាប់លោក ពូទីនថា លោក ស៊ី បានទទួលយកការអញ្ជើញរបស់លោក ពូទីន ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុងកាហ្សាន់ក្នុងខែតុលា។ ប្រមុខការទូតចិនរូបនេះ ក៏បានប្រកាសអំពីការជឿទុកចិត្តគ្នាទៅវិញទៅមកដ៏រឹងមាំ និងមិត្តភាពដ៏ជ្រាលជ្រៅ រវាងលោកពូទីន និងលោកស៊ី។
ទន្ទឹមនឹងនោះ លោក ពូទីន បានប្រកាសថា ពួកគេក៏នឹងមានកិច្ចប្រជុំទ្វេភាគីនៅទីក្រុងកាហ្សាន់ ដើម្បីពិភាក្សាពីទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនងរុស្ស៊ី និងចិនផងដែរ។ កិច្ចប្រជុំកំពូលនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន នឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា នៅទីក្រុងកាហ្សាន់ ភាគនិរតីនៃប្រទេសរុស្ស៊ី ដែលជាអ្វីដែលវិមានក្រឹមឡាំងសង្ឃឹមថា នឹងមានឱកាសពង្រីកឥទ្ធិពលរបស់ខ្លួន និងបង្កើតសម្ព័ន្ធភាពសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ ជាពិសេសជាមួយយក្សសេដ្ឋកិច្ច និងយោធាចិន។ រុស្ស៊ីបានពឹងផ្អែកផ្នែកសេដ្ឋកិច្ចលើប្រទេសចិនកាន់តែខ្លាំងឡើង ខណៈទណ្ឌកម្មរបស់លោកខាងលិច បានកាត់បន្ថយសិទ្ធិរបស់រុស្ស៊ី ក្នុងការចូលប្រើប្រាស់ប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិជាច្រើន។
ការកើនឡើងពាណិជ្ជកម្មរបស់ចិនជាមួយរុស្ស៊ី សរុបទឹកប្រាក់២៤០ពាន់លានដុល្លារកាលពីឆ្នាំមុន បានជួយប្រទេសយក្សនុយក្លេអ៊ែរកាត់បន្ថយនូវផលប៉ះពាល់ដ៏អាក្រក់បំផុតពីការដាក់ទណ្ឌកម្មរបស់ពួកបស្ចិមប្រទេស។ រដ្ឋធានីមូស្គូ បានបង្វែរការនាំចេញថាមពលរបស់ខ្លួនភាគច្រើនទៅកាន់ប្រទេសចិន ហើយពឹងផ្អែកលើក្រុមហ៊ុនចិនក្នុងការនាំចូលគ្រឿងបន្លាស់បច្ចេកវិទ្យាខ្ពស់សម្រាប់ឧស្សាហកម្មយោធារុស្ស៊ី ដើម្បីគេចចេញពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ កាលពីខែមុន លោក ពូទីន បានលើកឡើងថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយនឹងប្រទេសចិន គឺជាលទ្ធផលប្រកបដោយផ្លែផ្កា ខណៈលោកបានស្វាគមន៍នាយករដ្ឋមន្ត្រីចិន លី ឈាង មកកាន់វិមានក្រឹមឡាំង។
គួរជម្រាបជូនថា សម្ព័ន្ធ BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ថ្មីៗនេះបានពង្រីកទំហំរបស់ខ្លួន បច្ចុប្បន្ន រួមមាន៖ ប្រទេសអ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអេមីរ៉ាត់អារ៉ាប់រួម។ BRICS មានគោលបំណងពង្រីកសំឡេងនៃប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនធំៗ ដើម្បីទប់ទល់នឹងតុល្យភាពលំដាប់ពិភពលោក ដឹកនាំដោយលោកខាងលិច។ សមាជិកស្ថាបនិករបស់ខ្លួន បានអំពាវនាវឱ្យមានសណ្តាប់ធ្នាប់ពិភពលោកកាន់តែយុត្តិធម៌ និងកំណែទម្រង់ស្ថាប័នអន្តរជាតិដូចជាអង្គការសហប្រជាជាតិ មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក៕