វៀតណាម នឹងផ្តោតលើការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ ដើម្បីធានាសន្តិសុខថាមពលជាតិ និងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច
ហាណូយ៖ វៀតណាមនឹងផ្តោតលើការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ ដើម្បីធានាសន្តិសុខថាមពលជាតិ និងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច។ នេះបើយោងតាមឯកសាររបស់ការិយាល័យរដ្ឋាភិបាល។ ការណ៍នេះ កើតឡើងស្របពេលដែលរុស្ស៊ីនឹងផ្តល់ជំនួយដល់វៀតណាមអភិវឌ្ឍវិស័យថាមពលនុយក្លេអ៊ែរ។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ជាមជ្ឈមណ្ឌលឧស្សាហកម្មក្នុងតំបន់ ដែលពឹងផ្អែកខ្លាំងលើធ្យូងថ្មសម្រាប់ផលិតថាមពល។ យ៉ាងណាឥឡូវ ប្រទេសជាប់របងផ្ទះកម្ពុជាមួយនេះ កំពុងស្វែងរកការជំរុញនៃការផលិតថាមពលស្អាតរបស់ខ្លួន ដើម្បីសម្រេចបាននូវគោលដៅកាបូនសូន្យសុទ្ធត្រឹមឆ្នាំ២០៥០។«ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នឹងធ្វើការស្រាវជ្រាវលើបទពិសោធអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែររបស់ប្រទេសផ្សេងៗ និងធ្វើសំណើ ដើម្បីអភិវឌ្ឍថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសវៀតណាម»។ នេះបើយោងតាមឯកសារដែលបានចុះផ្សាយកាលពីថ្ងៃទី១២កញ្ញា។
ឯកសារបង្ហាញថា វៀតណាមមានគោលដៅបង្កើនសមត្ថភាពផលិតថាមពលរបស់ខ្លួនចន្លោះពី១២ភាគរយ ទៅ១៥ភាគរយក្នុងមួយឆ្នាំ ដើម្បីធានាសន្តិសុខថាមពលជាតិ និងគាំទ្រកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ៧ភាគរយ។ សំណើអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ នឹងត្រូវដាក់ជូនការិយាល័យនយោបាយ ដែលជាស្ថាប័នសម្រេចចិត្តដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសវៀតណាម ដើម្បីត្រួតពិនិត្យ បើទោះបីជាមិនមានការកំណត់ពេលវេលាជាក់លាក់ណាមួយក៏ដោយ។
គួររំឭកថា មហាអំណាចនុយក្លេអ៊ែររុស្ស៊ីបានផ្តល់ជំនួយដល់ប្រទេសវៀតណាម ក្នុងការអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទៅកាន់រដ្ឋធានីហាណូយ កាលពីពេលថ្មីៗនេះ។ ប្រទេសវៀតណាម មិនមានរោងចក្រថាមពលនុយក្លេអ៊ែរទេ ហើយបានលុបចោលគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួនពីរលើករបស់ខ្លួននៅឆ្នាំ២០១៦ បន្ទាប់ពីគ្រោះមហន្តរាយហ្វូគូស៊ីម៉ា នៅប្រទេសជប៉ុន និងដោយសារបញ្ហាថវិកា។ ប៉ុន្តែប្រសិនបើ វៀតណាមសម្រេចបាននូវរោងចក្រថាមពលនុយក្លេអ៊ែរ មែននោះ កូននាគតូច មួយនេះ នឹងក្លាយជានាគរាជអាស៊ីអាគ្នេយ៍ដ៏គួរឱ្យព្រួយបារម្ភ ពីសំណាក់បងធំអាស៊ាន[ឥណ្ឌូណេស៊ី]មិនខាន៕