ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ លើសពីវេទិកាប្រកួតប្រជែង កម្មវិធីវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ បង្ហាញពីឧត្តមភាពមន្ត្រីរាជការ និងផ្តល់គុណតម្លៃដល់សហគមន៍យ៉ាងច្រើន
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តប៉ៃលិន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្តីពីការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៣ សម្រាប់កម្រិតអនុវិទ្យាល័យ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី អភិបាលនៃគណៈអភិបាលខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ចំណុះរដ្ឋបាលខេត្ត តំណាងសាលាអនុវិទ្យាល័យតាមក្រុង ស្រុក ខណ្ឌក្នុងខេត្តប៉ៃលិន និងមន្ទីរមុខងាសាធារណៈ និងមន្ទីរក្រសួងអប់រំ យុវជន និងកីឡាទូទាំងប្រទេស ព្រមទាំងសិក្ខាកាមផ្សេងទៀត។
ជាកិច្ចចាប់ផ្តើម លោកជំទាវ បាន ស្រី មុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានថ្លែងអំណរអរគុណ ដល់ក្រសួងមុខងារសាធារណៈ ដែលបានគាំទ្រ និងសហការជាមួយក្រុមការងារពាក់ព័ន្ធ ក្នុងការរៀបចំសិក្ខាសាលានាពេលនេះ។ លោកជំទាវក៏បានបង្ហាញពីមោទនភាព ដែលសាលាអនុវិទ្យាល័យភ្នំយ៉ាត ទទួលបានជ័យលាភីលេខ១ លើកទី១ សម្រាប់ខេត្តប៉ៃលិន ដែលមិនត្រឹមតែជាការប្រឡងប្រជែងនោះទេ ថែមទាំងមានសារសំខាន់ក្នុងការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការរីកចម្រើនធនធាន និងការបណ្តុះបណ្តាលក្នុងខេត្តប៉ៃលិនទាំងមូល។ ជាងនេះទៅទៀត លោកជំទាវបានបង្ហាញក្តីសោមនស្ស ក្នុងការទទួលស្វាគមន៍លោកគ្រូ អ្នកគ្រូនាយកសាលាកម្រិតអនុវិទ្យាល័យ និងមន្ត្រីរាជការមកពីទូទាំងប្រទេស មកកាន់ខេត្តប៉ៃលិន។
ថ្លែងប្រសាសន៍ក្នុងកម្មវិធីបើកសិក្ខាសាលានេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា កម្មវិធីវាយតម្លៃអង្គភាពផ្តល់សេវាសាធាណៈគំរូនេះ មិនត្រឹមតែជាការប្រកួតប្រជែង តែជាចូលរួមទទួលយកបទពិសោធន៍ទៅអនុវត្តក្នុងការកែលម្អ ពង្រឹងគុណភាព ប្រសិទ្ធិភាពនៃការគ្រប់គ្រង និងការផ្តល់សេវាឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋមូលដ្ឋានរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សីលធ៌ម វិជ្ជាជីវៈ នាំមកនូវកិត្តិយសដល់សាលា និងសហគមន៍។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកបែបនេះដោយបានសង្កត់បន្ថែមទៀតថា សាលាដែលបានជាប់ជាជម្រើសជ័យលាភីចុងក្រោយមួយចំនួនធំ សុទ្ធសឹងតែមានមូលដ្ឋាននៅតំបន់ដាច់ស្រយាលទៀតផង។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានយកឱកាសនេះ ជំរុញលើកទឹកចិត្ត និងកោតសរសើរ ព្រមទាំងអរគុណដល់លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមអភិវឌ្ឍអង្គភាពរបស់ខ្លួន ព្រមទាំងបានបង្ហាញឧត្តមភាពមន្ត្រីរាជការដ៏គួរឱ្យគោរព និងយកគំរូតាម។
សូមជម្រាបថា នាព្រឹកដដែលនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញទស្សនកិច្ចសាលាអនុវិទ្យាល័យភ្នំយ៉ាត ដែលជាម្ចាស់ជ័យលាភីលេខ១ នៃកម្មវិធីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ប្រចាំឆ្នាំ២០២៣ និងជួបផ្ទាល់ជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស ព្រមទាំងប្រជាពលរដ្ឋ ក្នុងសហគមន៍ដែលគាំទ្រសាលាអនុវិទ្យាល័យភ្នំយ៉ាតផងដែរ។ បន្តពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរមុខងារសាធារណៈខេត្តប៉ៃលិន ដើម្បីជួបផ្ទាល់ ស្តាប់ផ្ទាល់ និងដោះស្រាយបញ្ហាប្រឈមនានាដោយផ្ទាល់ ៕