ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការកែទម្រង់មិនមែនជាបញ្ហា ឬការប្រឈមទេ តែនេះជាឱកាស
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈខេត្តឧត្តរមានជ័យ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ ឯកឧត្តម បានលើកឡើងថា ការកែទម្រង់ មិនមែនជាបញ្ហាទេ តែជាឱកាសសម្រាប់ឱ្យក្រសួង-ស្ថាប័ន និងមន្ត្រីរាជការ បានចូលរួមបង្កើតប្រព័ន្ធរដ្ឋបាលទំនើបមួយប្រកបដោយ សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ សម្រាប់អ្នកជំនាន់ក្រោយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីលើកឡើងបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏វាងវៃ និងមោះមុតរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានដាក់កែទម្រង់រដ្ឋបាលសាធារណៈ ជាកូនសោគន្លឹះក្នុងការរៀបចំការងារស្របតាមអភិក្រម “រៀបចំផ្ទះខ្លួនឯងឱ្យបានស្អាត និងមានរបៀបរៀបរយ”។
ឯកឧត្តម បានបន្តថា នេះគឺជាការត្រួតពិនិត្យខ្លួនឯងសារឡើងវិញ ដើម្បីត្រៀមលក្ខណៈ និងសក្តានុពលក្នុងការបន្តការងារឆ្ពោះទៅកម្ពុជាឆ្នាំ២០៥០។ ដូច្នេះ នេះគឺជាឱកាសនៃការត្រួតពិនិត្យខ្លួនឯងម្នាក់ៗផង ត្រូវពិនិត្យអង្គភាព និងស្ថាប័នទាំងមូល ដើម្បីធ្វើយ៉ាងណាដើរទៅមុខជាមួយគ្នាប្រកបដោយភាពស្វាហាប់ និងបម្រើប្រជាជនបានកាន់តែប្រសើរ៕