សម្តេចធិបតី៖ រាជរដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាព
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏ដូចជានីតិកាលមុនៗ ចាត់ទុកការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ជាអាទិភាព។
សម្ដេចមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌល វេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី បានថ្លែងថា សុខភាពល្អរួមចំណែកយ៉ាងសំខាន់ដល់សមត្ថភាព ក្នុងការស្រូបយកចំណេះដឹង និងជំនាញ ដែលសុទ្ធសឹងជា កត្តាមិនអាចខ្វះបានដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព, ភាពធន់ និងបរិយាប័ន្ន។
សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលតែងតែខិតខំរិះរកយន្តការ ចាំបាច់ដែលមានប្រសិទ្ធភាព និង បានវិភាគថវិកាយ៉ាងច្រើនជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សុខភាព និង សុខុមាលភាពរបស់ប្រជាជនគ្រប់រូបឱ្យកាន់តែប្រសើរជាលំដាប់៕