ក្រសួងចាប់ផ្តើមដំណើរការកំណែវិញ្ញាសាសរសេរលើកទី២ នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សា
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមដំណើរការកំណែវិញ្ញាសាសរសេរលើកទី២ នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សា នៅសាលាភូមិន្ទរដ្ឋបាល ព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ក្នុងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ផ្អែកលើគោលការណ៍ គុណធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សា (វិញ្ញាសាសរសេរលើកទី២) រយៈពេល ១ថ្ងៃពេញ ដែលមានបេក្ខជន ៦៣២នាក់ ត្រូវបានបែងចែកជា ២មុខវិជ្ជា បានបញ្ចប់ទៅដោយរលូន កាលពីម្សិលមិញ ។
សន្លឹកកិច្ចការរបស់បេក្ខជនចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូមត្តេយ្យសិក្សា វិញ្ញាសាសរសេរលើកទី២) ទាំង១២៦៤ សន្លឹក ទាំង២ វគ្គ ត្រូវបានរៀបចំវេចខ្ចប់ដោយសម្ងាត់ ហើយដាក់តម្កល់ក្នុងបន្ទប់មានសុវត្ថិភាពបំផុត ក្រោមការឃ្លាំមើលពីអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការប្រឡងប្រជែង៕