សម្តេចធិបតី៖ ភ្ជុំបិណ្ឌឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្ត ៥៦គ្រឿង ដឹកពលរដ្ឋទៅខេត្តភាគឦសាន ដោយឥតគិតថ្លៃ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តចំនួន៥៦គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋ ទៅដើរលេងកម្សាន្តនៅខេត្តភាគឦសាន រួមមានក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។
ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមរថយន្តជាង ៥០០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋ ទៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ផងដែរ។
សម្តេចធិបតីបញ្ជាក់ថា ការរៀបចំនេះធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ៕