សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ នៅថ្ងៃខាងមុខ ក្នុងរាជធានីភ្នំពេញ នឹងឃើញអគារចំណតច្រើនជាន់
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញក្ដីរំពឹងថា ការវិនិយោគអគារចំណតរថយន្ដនៅរាជធានីភ្នំពេញ នឹងមានកាន់តែច្រើននៅថ្ងៃអនាគត ។
ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មិនអាចហាមឃាត់ឲ្យប្រជាពលរដ្ឋទិញរថយន្ដថែមនោះទេ ។
សម្ដេចធិបតី បន្ថែមថា សូម្បីតែអគារថ្មីដែលត្រូវសាងសង់បន្ថែមនៅមន្ទីរពេទ្យកាល់ម៉ែតនេះ ក៏បានគិតគូយ៉ាងហ្មត់ចត់ចំពោះទីតាំងសម្រាប់ចំណតរថយន្ដផងដែរ ពោលសម្រាប់អគារថ្មីនេះ បើតាមសេចក្ដីរាយការណ៍របស់លោក ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អាចចតរថយន្ដបានប្រមាណ៥០០គ្រឿង។
សម្ដេចធិបតី បានរំលឹកថា កាលពីមុនមន្ទីរពេទ្យកាល់ម៉ែត មានតែអគារតូចៗប៉ុណ្ណោះ ប៉ុន្ដែពេលនេះមានអគារខ្ពស់ៗកាន់តែច្រើន ដើម្បីបំពេញតម្រូវការក្នុងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ៕