ឯកឧត្ដម ចាន់ ស៊ីណាត ដឹកនាំចុះពិនិត្យវឌ្ឍនភាពការងារ រៀបចំទីតាំងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ទំនប់អាងទឹកអូរតេ ក្នុងខេត្តមណ្ឌលគិរី
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំក្រុមការងារក្រសួងចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ទីតាំងត្រៀមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អាងទឹកអូរតេ និងទំនប់អាងទឹកទំនប់លើទំនប់ក្រោម ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ទំនប់អាងទឹកអូរតេ និងទំនប់អាងទឹកទំនប់លើទំនប់ក្រោមគ្របដណ្តប់លើផ្ទៃដី និងទឹកចំនួនប្រមាណ ៦០ហិកតា និងមានធារទឹកជាង ១២លានម៉ែត្រគូប ស្ថិតក្នុងស្រុកអូរាំង និងក្រុងសែនមនោរម្យ របស់ខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ថា បណ្តាទំនប់ខាងលើនេះគឺជាទំនប់អាងទឹកធំជាងគេក្នុងប្រវត្តិសាស្រ្តពុំធ្លាប់មានពីមុនមក ជាប្រភពទឹករស់ដ៏សំខាន់បំផុតក្នុងការផ្គត់ផ្គង់ទឹក ដើម្បីបម្រើដល់សេចក្តីត្រូវការលើគ្រប់វិស័យរបស់ខេត្តក្នុងតំបន់ភូមិភាគឦសានដែលរួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ហើយក៏នឹងទាក់ទាញកំណើនក្នុងវិស័យអេកូទេសចរណ៍ក្នុងតំបន់ផងដែរ៕