សមាជិកគណៈកម្មការទី២ នៃព្រឹទ្ធសភា ចុះទស្សនកិច្ចច្រកទ្វារព្រំដែនកម្ពុជា-ថៃ និងប្រាសាទតាមាន់ ក្នុងខេត្តឧត្តរមានជ័យ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកគណៈកម្មការទី២ នៃព្រឹទ្ធសភាកម្ពុជា បានអញ្ជើញទស្សនៈកិច្ចច្រកទ្វារព្រំដែនទ្វេភាគីកម្ពុជា-ថៃ (ច្រកជាំស្រងាំ) ខេត្តឧត្តរមានជ័យ និងមើលបង្គោលព្រំដែនលេខ១ ដែលស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្នុងដំណើរទស្សនកិច្ចខាងលើនេះក៏មានទទួលអមដំណើរដោយ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យផងដែរ។
ក្នុងឱកាសចុះទស្សនកិច្ចនេះ លោកជំទាវ បណ្ឌិត អ៊ុក ម៉ាលី ក៏បាននាំយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា ឧបត្ថម្ភដល់ កងការពារព្រំដែនគោកលេខ ៤០៣ និងវរនគរបាលកងការពារព្រំដែន៩០៥ ចំនួន ១០លានរៀល និងឧបត្ថម្ភថវិកាចំនួន ១លានរៀលទៀត ដល់ឆ្មាំព្រំដែនថៃផងដែរ។
បន្ទាប់ពីចុះពិនិត្យទីតាំងទាំងពីររួចមក លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងអភិបាលខេត្ដឧត្ដរមានជ័យ បានបន្ដដំណើរចុះសួរសុខទុក្ខដល់កងពលឈរជើងការពារប្រាសាទតាមាន់ ដោយក្នុងនោះលោកជំទាវ ក៏បាននាំយកថវិកា ១៥លានរៀល ឧបត្ថម្ភដល់វរសេនាតូចការពារប្រាសាទតាមាន់ នៃកងពលតូចអន្តរគមន៍ថ្មើរជើងលេខ ៤២ និងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ ៧០២ ព្រមទាំងឧបត្ថម្ភថវិកា ចំនួន ១លានរៀល ដល់កងស៊ុនរនារី (កងទ័ពថៃ) ការពារគោលដៅប្រាសាទតាមាន់។
ទន្ទឹមនឹងនោះលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះបងប្អូនជនរួមជាតិពលទាហាន និងកងទ័ពទាំងអស់។
ជាមួយគ្នានេះផងដែរ លោកជំទាវបណ្ឌិត ក៏បានសម្តែងនូវការកោតសរសើរ និងដឹងគុណដល់បងប្អូនកងទ័ព នាយទាហាន ពលទាហានទាំងអស់ ដែលបានលះបង់កម្លាំងកាយ-ចិត្ត ពលីអាយុជីវិត ចូលរួមក្នុងសមរភូមិ ដើម្បីការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងនាំមកនូវសុខសន្តិភាព ស្ថិរភាព ដែលជាបុរេលក្ខខណ្ឌចាំបាច់ដល់ការសម្រេចបាននូវសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ។កងទ័ពគឺជាកម្លាំងការពារ ដ៏រឹងមាំសម្រាប់ការពារឯករាជ្យ បូរណភាពជាតិទឹកដី និងប្រជាជន។ ជាពិសេសលោកស្រីបណ្ឌិតបានលើកទឹកចិត្ដដល់កងទ័ពទាំងអស់ថែរក្សាសុខភាពជានិច្ច និងឱ្យសូមបងប្អូនទាំងអស់រស់នៅប្រកបដោយសុវត្ថិភាព និងសុខភាពល្អ៕