ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំក្រុមការងារក្រសួងចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រព្រែកពោធិ ខេត្តកំពង់ចាម
ភ្នំពេញ៖ នៅសាលប្រជុំនៃទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារក្រសួងចូលរួមកិច្ចប្រជុំត្រួតពិនិត្យលើប្រតិបត្តិការ និងដំណើរការសកម្មភាពរបស់សហគមន៍កសិករប្រើប្រាស់ទឹក(សកបទ) នៃប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
សូមជម្រាបថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តមអគ្គនាយក អគ្គនាយករងនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល តំណាងអគ្គនាយកដ្ឋានថវិកា តំណាងអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋនិងឯកជន (GDPPP) តំណាងអគ្គនាយកដ្ឋានថ្នាក់ក្រោមជាតិ តំណាងធនាគារជាតិនៃកម្ពុជា តំណាងធនាគារអភិវឌ្ឍន៍ជនបទ(RDB) តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមនិងខេត្តកណ្តាល អាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់របស់ស្រុកស្រីសន្ធរ និងស្រុកខ្សាច់កណ្តាលនៃខេត្តកំពង់ចាម និងខេត្តកណ្តាល ព្រមទាំងមេឃុំពាក់ព័ន្ធទាំងអស់។
សូមបញ្ជាក់ថា កិច្ចដំណើរការដ៏សកម្មនៃសកម្មភាពធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្រ្តព្រែកពោធិដែលគ្របដណ្ដប់លើស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានប្រព្រឹត្តទៅក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕