ឯកឧត្តម មាន ចាន់យ៉ាដា៖ ពេញមួយអាណត្តិកន្លងមកនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បំពេញការងារប្រកបដោយជោគជ័យ លើវិស័យអាទិភាពទាំង៤
ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាសមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា (កក្រក) ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បានថ្លែងឲ្យដឹងថា ក្នុងរយៈពេលពេញមួយអាណត្តិកន្លងមកនេះ យើងទាំងអស់គ្នាពិតជាមានមោទនភាពណាស់ ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បានបំពេញការងាររបស់ខ្លួនប្រកបដោយជោគជ័យ លើវិស័យអាទិភាពទាំង៤ ដោយឈរលើមូលដ្ឋានគ្រឹះទាំងប្រាំពីរ របស់ចលនាមនុស្សធម៌ មានជាអាទិ៍៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ, ការងារសុខភាព និងការថែទាំសុខភាពសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងការអភិវឌ្ឍស្ថាប័ន។
ក្នុងពិធីសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ នាថ្ងៃទី១៨ ខែកញ្ញានេះ ឯកឧត្តម មាន ចាន់យ៉ាដា បានមានប្រសាសន៍ថា នាឱកាសដ៏មហានក្ខត្តឬក្សនេះ ជំនួសមុខឲ្យគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ អាណត្តិទី៦ និងក្នុងនាមឯកឧត្ដមផ្ទាល់ដែលទើបទទួលបានការបោះឆ្នោតគាំទ្រពីអង្គសន្និបាតសាខា ឯកឧត្ដមបានសម្តែង នូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលបានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ និង ជាកិត្តិយស ក្នុងពិធីសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យនាពេលនេះ ដែលញ៉ាំងឱ្យអង្គពិធី ទាំងមូល ប្រព្រឹត្តទៅប្រកបដោយក្តីសោមនស្សរីករាយ និងមានអត្ថន័យជ្រាលជ្រៅក្រៃលែង។
ស្ថិតក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ ឯកឧត្ដមក៏បានសម្តែងនូវអំណរសាទរស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកានៃអង្គសន្និបាត ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ ចូលរួមតាមដានស្តាប់នូវរបាយការណ៍ ព្រមទាំងធ្វើការពិភាក្សា និងវាយតម្លៃបានយ៉ាងត្រឹមត្រូវនូវការងារ សំខាន់ៗដែលសាខាសម្រេចបានក្នុងអាណត្តិទី៥ កន្លងមក ជាមួយការលើកទិសដៅផែនការសកម្មភាពសម្រាប់ អនុវត្តបន្ត នៅអាណត្តិទី៦។
ឯកឧត្តម មាន ចាន់យ៉ាដា បន្ថែមថា ព្រមជាមួយនេះ អង្គសន្និបាតក៏បានផ្តោតការយកចិត្តទុកដាក់ ក្នុងការសម្រេចចិត្តបោះឆ្នោតជ្រើសរើស គណៈកម្មាធិការសាខាអាណត្តិទី ៦ ដើម្បីបន្តដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ឲ្យមានដំណើរការល្អ និងឈានទៅសម្រេចបានទិសដៅយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា ឆ្នាំ២០២១-២០៣០។
ស្ថិតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ ឯកឧត្តម មាន ចាន់យ៉ាដា បានសម្តែងនូវគារវភក្តីភាព និងសូមថ្លែងនូវការគោរព ដឹងគុណ ក្នុងមនោសញ្ចេតនាកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានសម្រេចតែងតាំងរូបខ្ញុំបាទជា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ព្រមទាំងសហការីទាំងអស់ ដែលនេះជាករុណាទិគុណដ៏វិសេស វិសាលបំផុតដល់រូបខ្ញុំបាទផ្ទាល់ ក៏ដូចជាសមាជិក សមាជិកាក្នុងជួរគណៈកម្មាធិការសាខាទាំងអស់ សម្រាប់បន្ត បេសកម្មការងារមនុស្សធម៌នៅមូលដ្ឋានឲ្យកាន់តែសកម្មក្លៀវក្លាថែមទៀត។
ជាមួយគ្នានេះឯកឧត្តម មាន ចាន់យ៉ាដា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈ កម្មាធិការសាខាអាណត្តិទី៥ និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកានៅគ្រប់ថ្នាក់នៃកាកបាទ ក្រហមខេត្ត ក្រុង ស្រុក ដែលបានខិតខំយកអស់ពីកម្លាំងកាយចិត្ត កៀរគរ បរិច្ចាគនូវសម្ភារៈថវិកា ដឹកនាំ គ្រប់គ្រង និងជម្រុញឲ្យដំណើរការសកម្មភាពសាខាកាកបាទក្រហមខេត្តឧត្តរមានជ័យ ក្លាយជាតួអង្គសេនាធិការឲ្យរាជរដ្ឋាភិបាល ក្នុងការជួយលើវិស័យមនុស្សធម៌ សម្រាលបានទុក្ខលំបាករបស់ប្រជាជនទីទ័លក្រ ជនខ្វះទីពឹង ជនរងគ្រោះដោយ ធម្មជាតិ និងជនរងគ្រោះដោយវិបត្តិភ័យផ្សេងៗ…។ល។ ឲ្យមានក្តីសង្ឃឹម មានការរស់នៅមួយក្នុងជីវភាពល្អ ប្រសើរ និងប្រកបដោយបរិយាប័ន្ន ៕