កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា
ភ្នំពេញ៖ តាមរយៈការគាំទ្រពីគម្រោងរេដបូកកែវសីមា និង គម្រោង USAID Morodok Baitang-មរតកបៃតង សហគមន៍ក្នុងដែនជម្រកសត្វព្រៃកែវសីមាបានចូលរួមបង្កើតថ្នាលបណ្តុះកូនឈើតាមគ្រួសារស្ម័គ្រចិត្តចំនួន ២០ថ្នាល ដែលសរុបជាកូនឈើមានចំនួន ១០០០០ដើម។
ដោយមានការគាំទ្រថវិកា បច្ចេកទេស និងសម្ភារ ក្នុងការបណ្តុះកូនឈើតាមសហគមន៍ជាលក្ខណៈគ្រួសារ លោកហុង ចាក់ដែលជាសមាជិកគណៈកម្មការសហគមន៍ភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា បានទទួលចំណូលលើកទី១ ពីការបណ្តុះកូនឈើរបស់គាត់ចំនួន ៣៥០ដុល្លារអាមេរិច សំរាប់កូនឈើ ៥០០ដើម។
លោកបានឱ្យដឹងដែរថា ពីមុនលោកមិនដែលដឹងថាការបណ្តុះកូនឈើអាចផ្តល់ប្រាក់ចំណូលដល់លោក និងក្រុមគ្រួសារដូចឥឡូវនេះទេ។ ប៉ុន្តែក្រោយទទួលបានវគ្គបណ្តុះបណ្តាលពីវិធីសាស្រ្តបណ្តុះកូនឈើនិងគ្រប់គ្រងថ្នាល គាត់បានចុះកិច្ចព្រមព្រៀងជាមួយគម្រោង ហើយលោកបានដើរប្រមូលគ្រាប់ពូជដូចជា បេង កកោះ ធ្នង់ ពីព្រៃដើម្បីយកមកបណ្តុះ។ ជាលទ្ធផល ក្នុងរយៈពេល ៧ខែ លោកបានលក់កូនឈើដែលលោកបណ្តុះនោះមកអោយគម្រោង ដែលបានផ្តល់ជាប្រាក់ចំណូលបន្ថែមក្នុងការផ្គត់ផ្គង់គ្រួសារ។
ដូចគ្នានេះដែរ លោក ព្រេង សុខសារី ដែលជាប្រធានសហគមន៍តំបន់ការពារធម្មជាតិអូរពុងរូង ក៏បានចុះកិច្ចព្រមពៀងលើការបណ្តុះ និងលក់កូនឈើមកអោយគម្រោងផងដែរ។ មកដល់បច្ចុប្បន្ន លោកបណ្តុះបានប្រមាណ ២០០០ដើម នៅរង់ចាំតែពេលកូនឈើគ្រប់អាយុ និងអាចលក់មកអោយគម្រោង។
លោកបានចែករំលែកអោយដឹងដែរថា «បើសិនជាយើងមិនធ្វើការដាំស្តារព្រៃឈើឡើងវិញទេ អាកាសធាតុនិងអាចមានការប្រែប្រួល កូនចៅយើងអាចរងគ្រោះពីអាកាសធាតុប្រែប្រួលមិនទៀង តែបើយើងចាប់ផ្តើមដាំស្តារព្រៃឈើពីឥឡូវទៅ ១០ឆ្នាំ ទៅ ២០ឆ្នាំ ទៅមុខទៀត យើងនឹងមានគម្របព្រៃឈើល្អ ហើយកូនចៅយើងនឹងទទួលបានអត្ថប្រយោជន៍ពីអ្វីដែលយើងកំពុងតែធ្វើនៅពេលបច្ចុប្បន្ន» ។
លោកបានបន្ថែមដែរថា បើមិនមានវគ្គបណ្តុះបណ្តាលពីបច្ចេកទេស និងការគាំទ្រសំភារៈក្នុងការបណ្តុះកូនឈើពីគម្រោងរេដបូកកែវសីមានោះទេ លោកក៏មិនមានលទ្ធភាពបង្កើតថ្នាលបណ្តុះកូនឈើបានដូចបច្ចុប្បន្ននេះដែរ។
ការផ្តួចផ្តើមអោយមានថ្នាលបណ្តុះកូនឈើលក្ខណៈគ្រួសារតាមសហគមន៍នេះ គឺធ្វើឡើងក្នុងគោលដៅលើកទឹកចិត្តជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានក្នុងគម្រោងរេដបូកកែវសីមា ក្នុងសកម្មភាពដាំស្តារព្រៃឈើឡើងវិញ ដើម្បីបង្កើនគម្របព្រៃឈើ ការពារគ្រោះធម្មជាតិ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងកាត់បន្ថយការចូលព្រៃកាប់ឈើខុសច្បាប់។ ឆ្នាំ២០២៤ ជាឆ្នាំដំបូងដែលយើងអនុវត្តថ្នាលបណ្តុះកូនឈើលក្ខណៈគ្រួសារតាមសហគមន៍ ហើយយើងនឹងគ្រោងបន្តសកម្មភាពនេះនៅឆ្នាំបន្តបន្ទាប់ជាមួយសមាជិកសហគមន៍ផ្សេងទៀត ដើម្បីបណ្តុះស្មារតីអោយសហគមន៍ចូលរួមជាមួយយើងក្នុងការងារដាំស្តារព្រៃឈើឡើងវិញ និងរួមចំណែកក្នុងយុទ្ធសាស្រ្តស្តារព្រៃឈើរបស់កម្ពុជាដែលរំពឹងថានឹងអាចបង្កើនគម្របព្រៃឈើបានដល់ ៦០% នៅត្រឹមឆ្នាំ២០៥០៕