សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)
ភ្នំពេញ៖ ថ្មីៗនេះនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថលនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំបានទទួលពាក្យបណ្តឹង និងសេចក្តីរាយការណ៍ជាច្រើនករណីពាក់ព័ន្ធល្បិចឆបោកថ្មី ដោយប្រើប្រាស់វិធីសាស្ត្រវិស្វកម្មបណ្តាញសង្គម (Social Engineering) លេីបច្ចេកទេសបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Pairing) និងធ្វើការលួចផ្ទេរប្រាក់ពីគណនីធនាគារចល័ត (Mobile Banking) របស់ជនរងគ្រោះ។
វិធីសាស្ត្រជ្រៀតចូល និងឆបោក៖
១- ឧក្រិដ្ឋជនធ្វើការប្រមែប្រមូលព័ត៌មាន និងសាវតាជនរងគ្រោះ (អាសយដ្ឋាន និងលេខទូរស័ព្ទ)។
២- ឧក្រិដ្ឋជនធ្វើការលួចភ្ជាប់បណ្តាញ (WiFi) របស់ជនរងគ្រោះ។
៣- ធ្វើការទូរស័ព្ទមកកាន់លេខជនរងគ្រោះ ដោយបន្លំខ្លួនជាអ្នកផ្តល់សេវាចាំបាច់ផ្សេងៗ (តួយ៉ាងសេវាផ្គត់ផ្គង់ទឹក ឬភ្លើងអគ្គិសនី) ដោយណែនាំជនរងគ្រោះដំឡើងកម្មវិធី និងរបៀបភ្ជាប់មុខងារបង់ថ្លៃសេវាតាមអ៊ីនធឺណិត។
៤- អំឡុងពេលណែនាំ ឧក្រិដ្ឋជនបានឱ្យជនរងគ្រោះបើកដំណើរការ “Developer Mode” បើកជម្រើស “Wireless Debugging” និងធ្វេីការភ្ជាប់ទូរស័ព្ទជនរងគ្រោះទៅកាន់ម៉ាស៊ីនកុំព្យូទ័រឧក្រិដ្ឋជន “Paring Device”។
៥- ឧក្រិដ្ឋជនប្រើប្រាស់កម្មវិធីជំនួយធ្វើការបញ្ជាកម្មវិធីធនាគារចល័ត (Mobile Banking) របស់ជនរងគ្រោះ និងលួចផ្ទេរប្រាក់ចេញទៅគណនីធនាគារផ្សេងទៀត។
សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបុគ្គលដែលបានទាក់ទងពីការផ្តល់សេវាតាមស្ថាប័នរដ្ឋ ឬឯកជននានា តាមវិធីសាស្រ្តដូចខាងក្រោម ៖
-ផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកផ្គត់ផ្គង់សេវាឱ្យបានច្បាស់លាស់មុនសម្រចធ្វេីតាមការណែនាំផ្សេងៗ
– ដាក់ប្រព័ន្ធការពារគណនី (រួមមាន៖ 2FA លេខកូដរាល់ប្រតិបត្តិការ កំណត់ចំនួនទឹកប្រាក់នៃប្រតិបត្តិការ។ ល។)
– ពិនិត្យសមតុល្យ និងកំណត់ត្រាប្រើប្រាស់គណនីធនាគារជាប្រចាំ ករណីមានការសង្ស័យណាមួយ ត្រូវទាក់ទងទៅកាន់ធនាគារជាបន្ទាន់។
សូមធ្វើរាយការណ៍ ឬដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចជំនាញករណីលោកអ្នកមានជួបប្រទះការចាញ់បោកឧក្រិដ្ឋជនបច្ចេកវិទ្យា៕