ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ ហៅកាត់ ក.ជ.អ.ជ. ដឹកនាំដោយ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ បានបើកកិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់ ដើម្បីរៀបចំយុទ្ធសាស្ត្រជាតិលើកទី១ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា ឆ្នាំ២០២៥-២០២៨ នៅទីស្តីការក្រសួងផែនការ។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំរួមមាន ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ជាអនុប្រធាន សមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ មន្ត្រីបច្ចេកទេស និងដៃគូអភិវឌ្ឍ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយជូនដល់អនុប្រធាន សមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ និងជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ លើដំណើរការអភិវឌ្ឍ “យុទ្ធសាស្ត្រជាតិលើកទី១ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា ឆ្នាំ២០២៥-២០២៨” និងកាលានុវត្តភាពដែលយុទ្ធសាស្ត្រនេះនឹងផ្ដល់ឱ្យ សម្រាប់ការពង្រឹងនិងពង្រីកវិសាលភាព នៃការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ កិច្ចការពារ និងគ្រប់គ្រងបញ្ហាកង្វះអាហារូបត្ថម្ភមីក្រូសារជាតិនៅប្រទេសកម្ពុជា។
មានប្រសាសន៍ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ ដែល សម្តេច តែងតែគិតគូរអំពីសុខភាព សុខុមាលភាពរបស់ប្រជាជន ពិសេសសុខភាពស្ត្រី និងការលូតលាស់ធំធាត់របស់កុមារ និងជំរុញលើការងារលើកកម្ពស់អាហារូបត្ថម្ភនេះ សំដៅកសាងធនធានមនុស្សរឹងមាំ លើកកម្ពស់គុណភាពជីវិត និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំការគាំទ្រនិងផ្តល់ធាតុចូលបន្ថែមពីអនុប្រធាន សមាជិក សមាជិកា ជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំ “យុទ្ធសាស្ត្រជាតិលើកទី១ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា ឆ្នាំ២០២៥-២០២៨” នេះ ដើម្បីសម្រេចបានយុទ្ធសាស្ត្រដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន ព្រមទាំងបានស្នើដល់ដៃគូអភិវឌ្ឍ រួមមានអង្គការ WFP, GIZ, UNICEF, HKI និង RACHA សូមឱ្យបន្តផ្តល់កិច្ចសហការផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីអនុវត្តកម្មវិធីយុទ្ធសាស្ត្រនេះ ឱ្យទទួលបានផ្លែផ្កានាពេលអនាគត៕