អភិបាលរងខេត្តកណ្តាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ១.៧៥៧ប័ណ្ណ ជូនពលរដ្ឋចំនួន ៥ភូមិ ក្នុងឃុំព្រៃពួច ស្រុកអង្គស្នួល
ភ្នំពេញ៖ លោក តាំង ម៉េងលាន អភិបាលរង ខេត្តកណ្តាល នៅថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២៤ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ០៥ភូមិ គឺភូមិស្វាយ ភូមិឈើទាល ភូមិអូរក៏បុត្រ ភូមិអង្គរស្មី និងភូមិទ្រា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
មានប្រសាសន៍ក្នុងឱកាសនោះ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តលើកម្មសិទ្ធិរបស់ខ្លួនបន្ថែមទៀត។
លោកបានបន្តថា៖ ការដែលរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះគឺជាការខិតខំប្រេងប្រែងរបស់ក្រុមការងារមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសុរិយោដីខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលសម្រេចបាននូវការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៥ភូមិ គឺភូមិស្វាយ ភូមិឈើទាល ភូមិអូរក៏បុត្រ ភូមិអង្គរស្មី និងភូមិទ្រា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ស្មើនឹង ១.៧៥៧ប័ណ្ណ។
លោកបន្ថែមថា៖ ក្នុងនាមរដ្ឋបាលខេត្ត សូមសម្ដែងអំណរគុណ និងកោតសរសើរបងប្អូនមន្ត្រីរាជការសុរិយោដីគ្រប់លំដាប់ថ្នាក់ និងប្អូនៗយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកនៅក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ។
ទន្ទឹមនោះ លោកបានកោតសរសើរ និងថ្លែងនូវការអរគុណបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធ ទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ គាំទ្រដល់ដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូន ប្រជាពលរដ្ឋឲ្យបានចេញជាផ្លែផ្កា នាពេលនេះ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានវិញ្ញាបនបត្រអចលនវត្ថុនេះ សូមប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងបើសិនជាអាចសូមកុំធ្វើការលក់ដូរ ដោយទុកជាទ្រព្យសម្បត្តិសម្រាប់កូនចៅជំនាន់ក្រោយ ព្រោះថាបើយើងធ្វើការលក់ដូរដីធ្លីនេះអស់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកសិករទាំងអស់នឹងបាត់បង់ចំណូលដោយសារប្រជាពលរដ្ឋពុំមានដីសម្រាប់ធ្វើការដាំដុះដំណាំកសិកម្មផ្សេងៗ ពុំមានកន្លែងសម្រាប់សង់លំនៅដ្ឋានដើម្បីរស់នៅ ក៏ដូចជាកូនចៅជំនាន់ក្រោយពុំមានដីសម្រាប់ការដាំដំណាំ និងការស្នាក់នៅជាដើម ។
សូមបញ្ជាក់ថា បើគិតមកដល់ពេលនេះការចុះបញ្ជីបាន ៥៤ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ នឹង ៥១៩ភូមិ លើ ១០១០ភូមិ គឺស្មើនឹង ៥១% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៣៨,៩២៥ ក្បាលដី៕