រុស្ស៊ីវាយលុកកន្លែងផ្តល់សញ្ញាសំខាន់ៗរបស់អ៊ុយក្រែន
បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារទៅលើទីតាំងទំនាក់ទំនងយោធាសំខាន់ៗរបស់អ៊ុយក្រែន ក៏ដូចជាគោលដៅអាទិភាពខ្ពស់មួយចំនួនទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងបានបញ្ជាក់ថា យន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក កាំជ្រួច និងកាំភ្លើងធំរបស់រុស្ស៊ី បានវាយលុកមជ្ឈមណ្ឌលទំនាក់ទំនងវិទ្យុពិសេសរបស់នាយកដ្ឋានស៊ើបការណ៍សំខាន់នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនដោយជោគជ័យ បូករួមទាំងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានសំខាន់ៗផងដែរ។
មន្ត្រីមិនបានបញ្ជាក់ថា មជ្ឈមណ្ឌលនោះស្ថិតនៅទីណាទេ ហើយក៏មិនធ្វើអត្ថាធិប្បាយពីទំហំនៃការខូចខាតនោះដែរ។
ប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីអ៊ុយក្រែនបានរាយការណ៍ពីការផ្ទុះជាច្រើននៅក្នុងតំបន់ Kharkov និងតំបន់ Sumy ជាមួយនឹងការផ្ទុះជាច្រើនផងដែរនៅក្នុងទីក្រុង Kiev កាលពីយប់ថ្ងៃពុធ។ យោងតាមមន្ត្រីក្នុងតំបន់ ការវាយប្រហារលើ Kharkov បានប្រើប្រាស់មីស៊ីលផ្លោងជាច្រើន។
រុស្សីបន្តធ្វើការវាយប្រហារដោយភាពជាក់លាក់ខ្ពស់លើការដំឡើងយោធារបស់អ៊ុយក្រែន រួមទាំងមូលដ្ឋានទាហានស៊ីឈ្នួល កន្លែងការពារ ឧស្សាហកម្ម និងថាមពល ខណៈពេលដែលទទូចថា ការវាយប្រហារទាំងនោះមិនដែលសំដៅទៅលើជនស៊ីវិលឡើយ។
កាលពីខែសីហា ក្រសួងការពារជាតិបានអះអាងថា បានបំផ្លាញទីតាំងបញ្ជាការ និងគ្រប់គ្រងនៃកងពលតូចយន្តមួយរបស់អ៊ុយក្រែន ជាមួយនឹងកាំជ្រួច Iskander-M ដោយបានលុបបំបាត់មន្ត្រីជាងរាប់សិបនាក់។