កងពលតូចអន្តរាគមន៍១២៨ ត្រៀមកម្លាំងរួចជាស្រេច ដើម្បីចូលរួមជួយសង្គ្រោះពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យ និងផ្សព្វផ្សាយផែនការ ដល់កម្លាំងជួយសង្គ្រោះគ្រោះមហន្តរាយរបស់វរសេនាតូចអន្តរាគមន៍២៨៣ ចំណុះកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ កងទ័ពជើងគោក ។
ការត្រៀមចេញអន្តរាគមន៍គឺគោរពតាមបទបញ្ជា ផែនការរបស់យោធភូមិភាគទី១ និងកងពល ។
កម្លាំងវរសេនាតូចអន្តរាគមន៍២៨៣ បានត្រៀមរួចជាស្រេច និង រថយន្តសម្រាប់ដឹកជញ្ជូន ព្រមទាំងស្បៀងអាហារ ដើម្បីត្រៀមចល័តជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុង និង ក្រៅភូមិសាស្រ្ត ពេលមានបទបញ្ជា ។
ឧត្តមសេនីយ៍ទោ មៀច សាមុត និងភរិយា បានឧបត្ថម្ភ ថវិកា ប្រេងឥន្ធនៈ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនសម្រាប់បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ នៅតាមបណ្តាផ្ទះបាយរួម រួមមាន ៖ ទីបញ្ជាការស្រាលកងពល និង អង្គភាពចំណុះវរសេនាតូចអន្តរាគមន៍២៨៣ . ២៨៤ និង២៨៥ ផងដែរ ៕