សម្តេច ម៉ែន សំអន អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី៤ នៅវត្តព្រះអង្គធំ
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី៤ នៅវត្តព្រះអង្គធំ ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី៤នេះ ក៏មានការអញ្ជើញចូលរួមពីប្រជាពុទ្ធបរិសទ្ធ័ទីជិតទីឆ្ងាយយ៉ាងច្រើនកុះករ ប្រកបដោយសទ្ធាជ្រះថ្លា និងបរិសុទ្ធក្នុងព្រះពុទ្ធសាសនា។
សូមបញ្ជាក់ថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិ ប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃ ១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤។ ក្នុងរដូវកាលនេះ ប្រជាពលរដ្ឋអ្នកកាន់ព្រះពុទ្ធសាសនាទីជិតទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្តាយនៅឯស្រុកកំណើត ដើម្បីរៀបចំ ម្ហូបអាហារ បាយសម្លរ ចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅតាមទីអារាមនានា និងបានឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជូនដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិការទាំង៧សណ្តានដែលបានបាក់បែកចែក ឋានទៅកាន់លោកខាងមុខហើយនោះ សូមបានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏បានបានបង្ហាញពីមនោសញ្ចេតនាគ្រួសារខ្មែរ ស្គាល់បុណ្យ ស្គាល់បាប និងតែងនឹករលឹកដល់បុព្វការីជន ដែលបានចែកឋានទៅ។ ម៉្យាងទៀត ក៏ជាឱកាសជួបជុំ សាច់ញាតិ បងប្អូនធ្វើបុណ្យទាន ក៏ដូចជាការរួមចំណែក លើកដំកើងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ៕