យុវជនកម្ពុជាស្រឡាញ់បរិស្ថាន ស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី ដាំកូនត្នោតនៅតាមខ្សែក្រវាត់ព្រំដែន
ភ្នំពេញ៖ កូនត្នោតចំនួន៥០០០ដើមត្រូវបានដាំជាបន្តបន្ទាប់ដោយយុវជនក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរខេត្តត្បូងឃ្មុំ នៅតាមក្រវ៉ាត់ព្រំដែនកម្ពុជា ជាប់នឹងប្រទេសវៀតណាម ក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្ពូងឃ្មុំ នៅថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤។
កូនត្នោត ដែលបានយកមកដាំនេះ ជាអំណោយរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានផ្តល់ជូនដល់អាជ្ញាធរខេត្តត្បូងឃ្មុំ និងក្រុមការងារយុវជនកម្ពុជា យកទៅដាំតាមទីសាធារណៈជាជួរ ជាពិសេសនៅតាមខ្សែក្រវាត់ព្រំដែន របស់ប្រទេសកម្ពុជា ជាមួយប្រទេសជិតខាង។
ឯកឧត្តម ងូវ បូរីណា រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ការដាំត្នោតនៅពេលនេះ ជាការជួយបង្កើនគម្របបៃតង នៅតាមមូលដ្ឋាន និងចូលរួម បំផុសស្មារតីឱ្យប្រជាពលរដ្ឋស្រឡាញ់ធនធានធម្មជាតិ បរិស្ថាន ការពារនិងអភិរក្សាធនធានធម្មជាតិ ការថែរក្សាអត្តសញ្ញាណ និងវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ការដាំកូនត្នោត ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដើម្បីបណ្ដុះផ្នត់គំនិត «ពន្លកបៃតង» ដែលចូលរួមចំណែក ក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបរិស្ថាន។
ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចូលរួមជាមួយឯកឧត្តម ប៉ែន កុសល រួមទាំង អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ យុវជន សិស្ស និស្សិត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់ បើកយុទ្ធនាការដាំកូនត្នោតចំនួន ១០ ០០០ ដើម នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។
ជាបន្តបន្ទាប់ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់កូនត្នោត ចំនួន១ម៉ឺនដើមបន្ថែមទៀត កាលពីពេលថ្មីៗ ជូនដល់សាធារណជន ដាំនៅក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម ចំនួន ១២០គីលូម៉ែត។ ជាមួយគ្នានេះ ក្រសួងបរិស្ថានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរណ៍ ដែលបានទៅទស្សនាកិច្ចនៅតាមបណ្តាខេត្តជាប់ព្រំដែន អាចដាំកូនត្នោតបាន ដោយក្រសួងនឹងផ្តល់ជូនផងដែរ៕