ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ ហេង ពៅ អញ្ជើញកាន់បិណ្ឌវេនទី៤ នៅវត្តក្រពើហា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវនិងថ្ងៃទី៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា និងលោកជំទាវ ហេង ពៅ នឹងបុត្រាបុត្រី ចៅប្រុសចៅស្រី ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រារព្ធពិធីកាន់បិណ្ឌវេនទី៤ ប្រកបដោយសទ្ធាជ្រះថ្លា តាមប្រពៃណីនិងទំនៀមទម្លាប់សាសនាជារៀងរាល់ឆ្នាំ។
ពិធីកាន់បិណ្ឌនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោចខែភទ្របទដល់ថ្ងៃ១៤រោច ខែភទ្របទ។ បុណ្យកាន់បិណ្ឌ ជាពិធីដែលពុទ្ធបរិស័ទធ្វើឡើងតាំងពីថ្ងៃ១រោចដល់ថ្ងៃ ១៤រោច ខែភទ្របទ ដើម្បីឧទ្ទិសផល្លានិសង្ឃដល់ជនដែលធ្វើមរណកាលទៅកាន់ បរលោក។ ប្រជាពុទ្ធបរិស័ទខ្មែរ ដែលជាអ្នក មានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនា នាឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ តែងបាននាំយកទេយ្យទានផ្សេងៗបាយ-សម្លរទៅប្រគេនព្រះសង្ឃ និងពូនភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូប។
ឯកឧត្តម វង សូត និងលោកជំទាវ ដែលជាពុទ្ធសាសនឹករូបបត្ថម្ភក៍ តែងតែដឹកនាំកូន ចៅ មកប្រារព្ធ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នៅវត្តក្រពើហា ជារៀងរាល់ឆ្នាំតាមគន្លងព្រះពុទ្ធសាសនា ដែលជាប្រពៃណីខ្មែរ។
ឯកឧត្តម វង សូត និងលោកជំទាវ ហេង ពៅព្រមទាំងពុទ្ធបរិស័ទបាន ឧទ្ទិសកុសលផលបុណ្យ ដែលកើតមាននាឱកាសនេះ ប្រគេននិងជូនដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ បុព្វការីជនញាតិទាំ៧ សន្តាន និងបងប្អូនជនជាតិគ្រប់រូប ដែលបានទទួលមរណកាល សូមទទួលបុណ្យកុសលគ្រប់ៗគ្នានិងទទួលបាននូវសេចក្តីសុខចម្រើន ពិសេសបានជួបប្រទះ តែពុទ្ធពរទំាងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕