បណ្ឌិត លី ធុជ ជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិនៃប្រទេស The Holy See (បុរីវ៉ាទីកង់)
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្ដម Archbishop Paul Gallagher រដ្ឋមន្ត្រីទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិនៃប្រទេស The Holy See (បុរីវ៉ាទីកង់)។
ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា បានលេីកឡេីងពីការជួយគាំទ្ររបស់បុរីវ៉ាទីកង់ លេីការអនុវត្តនៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានស្នើដល់បុរីវ៉ាទីកង់ បន្តចូលរួមគាំទ្រ និងផ្សព្វផ្សាយគោលការណ៍របស់អនុសញ្ញាអូតាវ៉ា ដើម្បីជំរុញដល់កិច្ចខិតខំប្រឹងប្រែងដល់ការងារសកម្មភាពមីនសកល និងកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន។
ជាមួយគ្នានោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានលេីកឡេីងជាពិសេសអំពីភាពជាប្រធានរបស់កម្ពុជា និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយ ក្នុងខែវិច្ចិកា ឆ្នាំ២០២៤ ខាងមុខ។ តាងនាមសម្តេចធិបតី នាយករដ្ឋមន្ត្រី ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ជេីញគណ:ប្រតិភូនៃបុរីវ៉ាទីកង់ ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នាពេលខាងមុខ។
តបតាមអញ្ជេីញរបស់ រដ្ឋមន្ត្រីទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិនៃប្រទេស The Holy See ឯកឧត្ដមបណ្ឌិត លី ធុជ នឹងអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចប៉ាប ហ្វ្រង់ស័រ នៅក្នុងបុរីវ៉ាកង់ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ៕