អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ នៅថ្ងៃទី១៨-១៩-២០ ខែកញ្ញា ឆ្នាំ២០២៤ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពង់ស្ពឺ រួមមាន មន្ត្រីនៃរដ្ឋបាលខេត្តកំពង់ស្ពឺ, មន្ត្រីនៃការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋាន និងមន្ត្រីនៃរដ្ឋបាលក្រុង ស្រុក ទូទាំងខេត្តកំពង់ស្ពឺ សរុបចំនួន ៥៥ រូប។
កម្មវិធីបើកវគ្គបណ្តុះបណ្តាល មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.។
នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ ក៏មានការអញ្ជើញជាគ្រូឧទ្ទេស ដឹកនាំសម្របសម្រួលដោយ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. រួមជាមួយក្រុមគ្រូឧទ្ទេសជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ផងដែរ។
សូមគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលដែលមានរយៈពេល ៣ ថ្ងៃ នេះ គឺជាផ្នែកមួយនៃការអនុវត្តគម្រោងមួយរបស់ អ.ដ.ក. ឈ្មោះថា “គម្រោងឆ្ពោះទៅកាន់មូលដ្ឋាន” បានរៀបចំទ្បេីងនៅខេត្តកំពង់ស្ពឺ ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិ លើជំនាញសម្រុះសម្រួលដោះស្រាយវិវាទ សំដៅធ្វើឱ្យ៖
(១)-មន្ត្រីយល់ដឹងជាទូទៅនូវជំនាញសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
(២)-មន្ត្រីបានយល់ដឹងអំពីក្រមសីលធម៌ បច្ចេកទេស និងនីតិវិធីនៃការសម្រុះសម្រួលដោះស្រាយវិវាទ
(៣)-មន្ត្រីអាចមានជំនាញកាន់តែល្អប្រសើរឡើងក្នុងការផ្តល់សេវាសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពខ្ពស់៕