អ្នកសារព័ត៌មានបានស្វែងយល់ពីគម្រោងរេដបូកកែវសីមា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបើកយុទ្ធនាការផ្សព្វផ្សាយ«ពន្លកបៃតង» គម្រោងរេដបូក កែវសីមា និងមានការចូលរួមពីលោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគីរី លោក នេត្រ វិបុល នាយករងអង្គការ WCS មន្ទីររាជការចំណុះមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី មន្ទីរស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ កងកម្លាំងទាំង៣ប្រភេទ សិស្សានុសិស្ស ព្រមទាំងអ្នកសារព័ត៌មានជាតិ ជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ជួប ប៉ារីស៍ បានថ្លែងឱ្យដឹងថា ការបើកយុទ្ធនាការផ្សព្វផ្សាយ «ពន្លកបៃតង» គម្រោងរេដបូក កែវសីមា ដែលកំពុងអនុវត្តដោយអង្គការ WCS នាថ្ងៃនេះ ជាមួយអ្នកសារព័ត៌មានជាតិ ចំនួន២៥ស្ថាប័ន ដើម្បីបង្ហាញជូនពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ព្រៃឈើ ក៏ដូចជាការលើកកម្ពស់ជីវភាពសហគមន៍ តាមតំបន់ការពារធម្មជាតិ ព្រមជាមួយការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថា រេដបូក (REDD+: Reducing Emissions from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ។ រេដបូកមានគោលបំណងធំៗពីរគឺ ការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ជាតិ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកលក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់ និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាស ដែលមុខងារនេះ ដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់សកល។
ឯកឧត្តម ជួប ប៉ារីស៍ បានគូសបញ្ជាក់ថា កន្លងមកថ្មីៗនេះ ក្រសួងបរិស្ថានបានរៀបចំវេទិកាពិនិត្យសុពលភាពផែនការយុទ្ធសាស្រ្តប្រែប្រួលអាកាសធាតុកម្ពុជា (CCCSP) ឆ្នាំ២០២៤-២០៣៣ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការស្វែងរករួមគ្នានូវអនាគតដែលបៃតងជាងមុន កាន់តែធន់ និងដែលមាននិរន្តរភាពសម្រាប់ប្រទេសជាតិរបស់យើង។
កម្ពុជាមានការប្តេជ្ញាយ៉ាងមោះមុតក្នុងការដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកអនាគតដែលអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងតុល្យភាពបរិស្ថាន។ តាមរយៈគោលនយោបាយ និងកិច្ចផ្តួចផ្តើមយុទ្ធសាស្ត្រជាបន្តបន្ទាប់ យើងបាននិងកំពុងអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ផ្តល់ជាមូលដ្ឋានគ្រឹះមួយនៃការប្តេជ្ញាចិត្តរបស់យើង ក្នុងការលើកកម្ពស់ការងារគ្រប់គ្រងបរិស្ថាន កិច្ចការពារជីវចម្រុះ ការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់វប្បធម៌នៃការរស់នៅប្រកបដោយនិរន្តរភាពក្នុងចំណោមប្រជាពលរដ្ឋយើង។
លើសពីនេះ យុទ្ធសាស្ត្រចក្រាក្នុងវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលបានអនុម័ត រួចមកហើយ ដោយផ្តោតលើសសរស្តម្ភទាំងបី សម្រាប់ប្រទេសជាតិយើង៖ ប្រជាជនកម្ពុជាស្អាត បៃតង និងនិរន្តរភាព ដែលធានាបាននូវការឆ្លើយតបខាងវិស័យបរិស្ថានស្អាត អនាម័យបរិស្ថានល្អប្រសើរ ការគ្រប់គ្រងព្រៃឈើ ធនធានធម្មជាតិ និងធានាកាទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍបៃតង។
គោលដៅចុងក្រោយរបស់យុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន គឺសម្រេចបាននូវសេចក្តីប្រាថ្នាដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ អំពីការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានអព្យាក្រឹតភាពកាបូន ដែលមានគម្របព្រៃឈើ ៦០ភាគរយ នៅឆ្នាំ២០៥០។
ជាមួយគ្នានេះ ឯកឧត្តម ជួប ប៉ារីស៍ បានសង្កត់ធ្ងន់ថា យើងមានគោលបំណងបន្តធ្វើការជាមួយគ្នាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការកសាងសមត្ថភាពចម្រុះ រួមទាំងអ្នកសារព័ត៌មាន ដែលមូលធនមនុស្សយ៉ាងសំខាន់ ដែលគាំទ្រដល់គោលនយោបាយ និងការគ្រប់គ្រងធនធានធម្មចាតិ និងបរិស្ថានប្រកបដោយនិរន្តរភាពនៅថ្ងៃអនាគត។ យើងប្រឹងប្រែងរួមគ្នា ដើម្បីកម្ពុជាស្អាត បៃតង និងចីរភាព។
សូមបញ្ជាក់ថា នៅក្នុងឱកាសផ្សព្វផ្សាយពន្លកបៃតង ថ្នាក់ដឹកនាំ មន្រ្តីរាជការ រដ្ឋបាលខេត្ត អ្នកសារព័ត៌មាន និងសិស្សានុសិស្ស បានចូលរូមដាំដើមឈើ និងដើមត្នោត ជានិមិត្តរូបមួយចំនួន។ បន្ទាប់មកគណៈអធិតី បានប្រគល់កូនត្នោតចំនួន៣០០ ដើម ជូនអាជ្ញាធរស្រុកកែវសីមា ដាំតាមភូមិសាស្រ្តជាប់ព្រំដែន កម្ពុជា វៀតណាម ដើម្បីបង្កើនគម្របបៃតង ដើម្បីជួយបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ និជួយការពារធនធានធម្មជាតិ និងអត្តសញ្ញាណវប្បធម៌របស់កម្ពុជា ៕