អភិបាលខេត្តឧត្តរមានជ័យ៖ ២ខែនេះ បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងអំពើចោរកម្មនានា បានប្រែប្រួលថយចុះ ជាលំដាប់
ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេលជាង ២ខែកន្លងទៅនេះ បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងអំពើចោរកម្មនានា បានប្រែប្រួលថយចុះ ជាលំដាប់។
ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឧត្តរមានជ័យ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា បានមានប្រសាសន៍ថា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ និងបង្ក្រាប បទល្មើសគ្រប់ប្រភេទឱ្យមានការថយចុះ ព្រមទាំងបានខិតខំបំផុសចលនា ឱ្យមានការចូលរួមពីមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីរួមគ្នារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អ។ ក្នុងនោះ បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងអំពើចោរកម្មនានា បានប្រែប្រួលថយចុះ ជាលំដាប់។
ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងឲ្យដឹងថា ផ្តើមចេញពីចំណុចនេះ ធ្វើឱ្យការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទទួលបានលទ្ធផលល្អប្រសើរ ក្នុងការ ចូលរួមប្រឡងប្រណាំង ទូទាំងប្រទេសប្រចាំឆ្នាំ២០២៣។ ចំពោះបញ្ហា ទំនាស់ដីធ្លី រដ្ឋបាលខេត្តបានបន្តខិតខំដោះស្រាយទំនាស់នានា ដែលនៅ សេសសល់ តាមរយៈការពង្រឹងយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ ទាំងនៅថ្នាក់ស្រុក-ខេត្ត ក្នុងន័យធានាបញ្ហាទំនាស់ដីធ្លី ដែលប្រជាពលរដ្ឋ តែងតែលើកឡើងក្នុងវេទិកាសាធារណៈ នឹងត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ក្នុងពេលខាងមុខ។
ឯកឧត្ដមបន្ថែមថា ជាមួយគ្នានេះ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ក៏បានចុះធ្វើវេទិកាសាធារណៈ និងបាន ចុះអប់រំ ផ្សព្វផ្សាយតាមមូលដ្ឋានអំពីស្ថានភាពរីកចម្រើនរបស់សង្គមជាតិយ៉ាងផុលផុស វាយបកបានទាន់ពេលវេលា រាល់គំនិតអវិជ្ជមាននានា ដែលពួកអតតិបានញុះញង់ និងមានបំណងចង់បំផ្លាញ សុខសន្តិភាព និងខឿនអភិវឌ្ឍជាតិ ជាអាទិ៍ ករណីបំផ្លើសអំពីការបាត់បង់ទឹកដីតាម តំបន់ព្រំដែន និងគម្រោងជីកព្រែកហ្វូណនតេជោ។
ឯកឧត្តម មាន ចាន់យ៉ាដា បានគូសបញ្ជាក់ថា ក្រៅពីសមិទ្ធផល ខាងលើ នៅមានសមិទ្ធផលជាច្រើនទៀត ដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ ប្រឡាយ ប្រព័ន្ធ ធារាសាស្ត្រ សួនច្បារសាធារណៈ ដាក់បង្គោលភ្លើងបំភ្លឺក្នុងទីក្រុង ទីប្រជុំជនតាមបណ្តាស្រុក និងកំពុងកសាងកន្លែងលេងកម្សាន្ត ទីលាន កីឡា ផ្សាររាត្រី សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ សោភណភាព សុខភាព ស្ថិតនៅក្នុងក្រុងសំរោងផងដែរ ៕