អភិបាលខេត្តឧត្តរមានជ័យ ប្តេជ្ញាចិត្ត ដោយស្មោះស្ម័គ្រ បម្រើពលរដ្ឋក្នុងខេត្ត ដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់
ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងប្តេជ្ញាចិត្ត ដោយស្មោះស្ម័គ្រ បម្រើប្រជាពលរដ្ឋក្នុងខេត្ត ដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនឱ្យបានកាន់តែប្រសើរបន្ថែមទៀត។
ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឧត្តរមានជ័យ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងការផ្តល់សេវា រដ្ឋបាលជូនប្រជាពលរដ្ឋ មកទល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត ក៏បាន រៀបចំដាក់ឱ្យដំណើរការអង្គភាពច្រកចេញចូលតែមួយ ការិយាល័យ ច្រកចេញចូលតែមួយនៅគ្រប់ក្រុង ស្រុក ដើម្បីផ្តល់សេវារដ្ឋបាលជូន ប្រជាពលរដ្ឋឱ្យបានកាន់តែឆាប់រហ័ស មានគណនេយ្យភាព ប្រសិទ្ធភាព និងការជឿជាក់ពីប្រជាពលរដ្ឋ។
ក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្ដមបានថ្លែងនូវការដឹងគុណ ចំពោះ ឯកឧត្តមអតិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃទាំងអស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ព្រមទាំង សមាជិក សមាជិកានៅគ្រប់ថ្នាក់ទាំងអស់ ដែលជានិច្ចកាលតែងតែគាំទ្រយ៉ាងពេញទំហឹងដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ ធ្វើឱ្យការគ្រប់គ្រងរដ្ឋបាលដែនដី នៅថ្នាក់មូលដ្ឋាន មានស្ថេរភាព នយោបាយ សង្គម សេដ្ឋកិច្ច និងសន្តិសុខពេញលេញ បរិបូរណ៍ និងបង្កើតបាននូវកាលានុវត្តភាព ក្នុងការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មាននិរន្តរភាព និងប្រសិទ្ធភាព ស្រប តាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលអាណត្តិទី៧។
ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា «ជាមួយនេះ ក្នុងអាណត្តិការងារ របស់ខ្ញុំ ជាអភិបាល នៃគណៈអភិបាលខេត្ត នៅលើទឹកដីខេត្តឧត្តរមានជ័យ យើងខ្ញុំសូមប្តេជ្ញាចិត្ត ដោយស្មោះស្ម័គ្រ បម្រើប្រជាពលរដ្ឋក្នុងខេត្ត ដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនឱ្យបានកាន់តែប្រសើរបន្ថែមទៀត» ។
ឯកឧត្ដម មាន ចាន់យ៉ាដា ក៏បានយកឱកាសនេះ គោរពថ្លែង អំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួង-ស្ថាប័ន ថ្នាក់ជាតិ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធគ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិល ព្រមទាំងប្រជាពលរដ្ឋទូទាំង ខេត្តឧត្តរមានជ័យ ដែលតែងតែផ្តល់នូវការណែនាំ ចង្អុលបង្ហាញ គាំទ្រនិង រួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងរយៈពេលបំពេញការងារកន្លងមក សម្រេចបាននូវសមិទ្ធផលជាច្រើនដូចបានរៀបរាប់ខាងលើ ៕