រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន ASIA PLATINUM & SOUTH POLE ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យកាបូននៅកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន ASIA PLATINUM & SOUTH POLE ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យកាបូននៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះក្រុមការងារគម្រោង ក្នុងការអនុវត្តគម្រោងឥណទានកាបូនក្នុងប្រទេសកម្ពុជា តាមរយៈកសិដ្ឋានចិញ្ចឹមជ្រូក កសិដ្ឋានចិញ្ចឹមមាន់ និងព្រៃកោងកាង។
នៅក្នុងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារគម្រោងធ្វើការសិក្សា ដោយមានផែនការច្បាស់លាស់ ធ្វើការសហការជាមួយប្រជាកសិករដើម្បីទទួលបានភាពចំនេញ និងចែករំលែកផលប្រយោជន៍ឥណទានកាបូនរួមគ្នា។
ពាក់ព័ន្ធនឹងព្រៃកោងកាង ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញក្រុមការងារគម្រោង ត្រូវពិនិត្យលទ្ធភាពធ្វើការជាមួយសហគមន៍ និងអ្នកនេសាទក្នុងការអភិរក្ស និងស្តារឡើងវិញ ធ្វើយ៉ាងណាឱ្យការងារគម្រោងទទួលបានជោគជ័យ និងមានផលផ្លែផ្កាដល់កសិករពិតប្រាកដ។
បន្ថែមពីនេះ ក្រុមការងារគម្រោង បានស្នើការគាំទ្រ និងការសម្របសម្រួលពីក្រសួងកសិកម្ម ក្នុងការកំណត់គោលដៅជាមួយថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ការផ្តល់ទិន្នន័យ ព័ត៌មាន និងច្បាប់បទដ្ឋាននានា និងការគាំទ្រនូវគំនិតផ្តួចផ្តើមកម្មវិធីយល់ដឹង និងផលប្រយោជន៍លើឥណទានកាបូន៕