ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់ប្រចាំខែ និងលើកទិសដៅអនុវត្តខែបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់ប្រចាំខែ និងលើកទិសដៅអនុវត្តខែបន្ត និងត្រួតពិនិត្យផែនការរៀបចំសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដោយមានចូលរួមពីលោក លោកស្រី ស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុក-ក្រុង និងមេបញ្ជាការវរការពារព្រំដែន៦១៩ និងលោកប្រធានច្រកទ្វាទ្វេភាគីជ័យឃ្លាំង។
មានប្រសាសន៍ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំផ្តាំផ្ញើដល់កម្លាំងនគរបាលគ្រប់ផែនទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ត ជាពិសេសសង្កត់ធ្ងន់ទៅលើផែនការងារនគរបាលយុត្តិធម៌ និងផែនការងារសន្តិសុខ អំពីបញ្ហាក្មេងទំនើងបង្ករការអុកឡុកតាមផ្លូវសាធារណៈ សាលារៀន តាមភូមិ តំបន់រមនីយ៍ដ្ឋានទេសចរណ៍ផ្សេងៗជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្មណ៍អំពីសុខសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងនាមជាមន្រ្តីនគរបាលជាតិ ត្រូវធ្វើយ៉ាងណាដើម្បីលុបបំបាត់បញ្ហាក្មេងទំនើងឲ្យខាងតាបាន ត្រូវធ្វើការស្រាវជ្រាវរកមុខសញ្ញាចាស់ថ្មីដែលនៅសេសសល់យកមកផ្តន្ទាទោសតាមច្បាប់ ត្រូវតែគោរពបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជាថ្មីលេខ ៨៧៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ ផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៩ និងលោកអធិការនគរបាលគ្រប់ស្រុក ក្រុង ត្រូវតែពង្រឹងការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិសង្គមក្នុងមូលដ្ឋានខេត្តទាំងមូល ត្រូវតែត្រៀមកម្លាំងនគរបាលខេត្ត ស្រុក ក្រុងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនូវកន្លែង និងត្រៀមកម្លាំងអន្តរាគមន៍ចេញល្បាតចល័តតាមខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការទប់ស្កាត់បង្រ្កាបរាល់បទល្មើសកើតឡើងជាយថាហេតុ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្តថា ត្រូវក្តាប់មុខសញ្ញាឲ្យបានទាំងមានដីការ អត់ដីការ និងមុខសញ្ញាទើបចេញពីពន្ធនាគារទៅរស់នៅក្នុងមូលដ្ឋានដើមវិញ បន្តការផ្សព្វផ្សាយតាមវេទិការសាធារណៈអំពីផលប៉ះពាល់ នៃគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ចោរលួច ឆក់ប្លន់គ្រប់ប្រភេទ និងបន្តការស្រាវជ្រាវទីតាំងបញ្ចាំទាំងឡាយដែលមានច្បាប់ និងអត់ច្បាប់ឲ្យបានច្បាស់លាស់ បន្តការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បន្តជម្រុញលើកកំម្ពស់ចំពោះមន្រ្តីនគរបាលគ្រប់រូបដែលខិតខំប្រឹងប្រែងធ្វើការងារមានស្នាដៃ ត្រូវតែស្នើសុំធ្វើលិខិតសរសើរ ប័ណ្ណសរសើរ ឋានន្តរស័ក្តិ ឋានៈតួនាទី ជាការលើកទឹកចិត្ត និងផ្តល់រង្វាន់ជូនផងដែរ ៕