អាជ្ញាធរខេត្តស្ទឹងត្រែង ត្រៀមជួយសង្គ្រោះប្រជាជន ខណៈទឹកទន្លេមេគង្គចាប់ផ្តើមហូរចូលទីទំនាបជាបណ្តើរៗ
ភ្នំពេញ៖ ទឹកទន្លេមេគង្គចាប់ផ្តើមហូរចូលទីទំនាបជាបណ្តើរៗហើយ ក្នុងក្រុងស្ទឹងត្រែង ខណៈកម្ពស់ទឹកបានហក់ឡើង១០,៥០ម៉ែត្រ គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ហើយអាជ្ញាធរខេត្តស្ទឹងត្រែង ក៏បានរៀបចំប្រុងជើងការរួចជាស្រេចផងដែរ ដើម្បីជួយសង្គ្រោះប្រជាជននៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះផងដែរ។
បើតាមលោក លំ សេរីគុត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកញ្ញានេះថា ទឹកទន្លេមេគង្គនឹងបន្តហក់ឡើងទៀត ព្រោះថាទឹកភ្លៀងនៅតែបន្តធ្លាក់ពីតិច ទៅមធ្យម នៅក្នុងតំបន់ភូមិសាស្ត្រខេត្តស្ទឹងត្រែង និងនៅតំបន់ប្រទេសជិតខាងផ្នែកមេគង្គលើ។
ជាមួយគ្នានេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ក៏បានរៀបចំកម្លាំង និងសម្ភារជាស្រេច ត្រៀមដើម្បីជួយសង្គ្រោះប្រជាជន ចំពោះករណីទឹកជំនន់ហើយ។
បើយោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅម៉ោង១២ថ្ងៃត្រង់ ទី២៤ ខែកញ្ញា នៅស្ថានីយជលសាស្ត្រក្រុងស្ទឹងត្រែង ទឹកមានកម្ពស់ ១០,៥០ម៉ែត្រ ចំណុចកម្ពស់ទឹកប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ និងចំណុចកម្ពស់ប្រកាសអាសន្ន ១១,៣០ម៉ែត្រ។
សូមបញ្ជាក់ថា បើទោះជាទឹកបានចាប់ផ្តើមហូរចូលតំបន់មួយចំនួនក្នុងក្រុងស្ទឹងត្រែងហើយក្តី អាជ្ញាធរកំពុងគ្រប់គ្រងសភាពការណ៍បានល្អពុំទាន់បានប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជន និងសត្វពាហនៈនៅឡើយទេ ៕