លោកជំទាវ គឹម សេដ្ឋានី ជួបគណៈប្រតិភូកូរ៉េ ពិភាក្សាពីកិច្ចសហប្រតិបត្តិការភាពជាដៃគូការលើកកម្ពស់ការអប់រំបែបឌីជីថលនៅកម្ពុជា
ភ្នំពេញ៖ គណៈប្រតិភូសាធារណរដ្ឋកូរ៉េ ក្រោមការដឹកនាំដោយ លោក Lee Sung Hwan នាយកវិទ្យាស្ថានព័ត៌មាន និងស្រាវជ្រាវអប់រំ ទីក្រុងប៊ូសាន បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា ស្តីពី កិច្ចសហប្រតិបត្តិការភាពជាដៃគូការលើកកម្ពស់ការអប់រំបែបឌីជីថលនៅកម្ពុជា ដែលផ្ដោតសំខាន់លើការអភិវឌ្ឍសមត្ថភាពជាប្រចាំជូនដល់គ្រូបង្រៀនលើវិធីសាស្ត្របង្រៀន ដោយប្រើបច្ចេកវិទ្យាឌីជីថល ការបំពាក់ហេដ្ឋារចនាសម្ពន្ធឌីជីថលនៅតាមសាលារៀន និងការផលិតធនធានសិក្សាឌីជីថលសម្បូរបែបសម្រាប់លើកកម្ពស់ការស្វ័យសិក្សាពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក។
លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណនិងនូវការកោតសរសើរលោកនាយកវិទ្យាស្ថាន និងបុគ្គលិកអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងការធានានូវនិរន្តរភាព និងផលជះជាវិជ្ជមានយ៉ាងច្រើនដល់ការលើកកម្ពស់បរិវត្តកម្មឌីជីថលនៅក្នុងប្រព័ន្ធអប់រំនៅកម្ពុជា ចាប់ពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន។ លោកជំទាវ បានបន្តលើកឡើងថា ការលើកកម្ពស់ការអប់រំឌីជីថល គីជាអាទិភាពសំខាន់មួយនៃកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា និងជាកិច្ចឆ្លើយតបក្នុងការសម្រេចបានការអភិវឌ្ឍធនធានមនុស្ស គំាទ្រដល់យុទ្ធសាស្ត្របញ្ចកោណ ‘ដំណាក់កាលទី១’ ផ្តោតការយកចិត្តទុកដាក់ទៅលើ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា ដើម្បីធានានូវការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
លោកជំទាវ បានលើកឡើងអំពីផលជះនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដែលបាននាំមកនូវការផ្លាស់ប្តូរគួរឲ្យសម្គាល់ជាវិជ្ជមានជាច្រើននៅកម្រិតសាលារៀន ដោយក្នុងនោះសិក្ខាកាមដែលធ្លាប់ទៅចូលរួមវគ្គបណ្ដុះបណ្ដាលនៅទីក្រុងប៊ូសាន បានបង្កើតជាសហគមន៍សិក្សាវិជ្ជាជីវៈនៃការអប់រំឌីជីថល ដោយបានបន្តអនុវត្តជាក់ស្តែងនៅតាមសាលារៀនផ្ទាល់របស់គាត់ឲ្យបានល្អបំផុតតាមដែលអាចធ្វើបាន ដើម្បីប្រែក្លាយសាលារៀនជាសាលារៀនឆ្លាតវៃ ដែលមានគ្រូបង្រៀនមានសមត្ថភាពឌីជីថលគ្រប់គ្រាន់ អាចបន្តដឹកនាំសិស្សានុសិស្សឲ្យសម្រេចបាននូវលទ្ធផលការសិក្សាប្រកបដោយគុណភាព ជាពិសេសការកាត់បន្ថយគម្លាតឌីជីថលនៅសាលារៀន។
ដោយបានឃើញនូវលទ្ធផលល្អទាំងនេះ និងជាកិច្ចអបអរសាទរនៃកិច្ចសហការប្រតិបត្តិការរយៈពេល២០ឆ្នាំជាមួយគ្នា លោកជំទាវ បានស្នើសុំឲ្យមានការចុះហត្ថលេខាលើអនុស្សារណៈនៃយោគយល់ជាមួយគ្នាសារជាថ្មីនៅឆ្នាំ២០២៥ ដោយលើកឡើងពីការពង្រីកការងារលើកកម្ពស់ការអប់រំបែបឌីជីថលនៅកម្ពុជា ឲ្យបានកាន់តែទូលំទូលាយជាពិសេសផ្ដោតការអភិវឌ្ឍកម្រិតស្ថាប័ននៅគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ដើម្បីកាន់តែធានាបាននូវការអប់រំឌីជីថលប្រកបប្រសិទ្ធភាព និងមាននិរន្តរភាព។
បន្ទាប់ពីជំនួបពិភាក្សាជាមួយលោកជំទាវរដ្ឋលេខាធិការ គណៈប្រតិភូបានជួបពិភាក្សាការងារកម្រិតបច្ចេកទេសជាមួយថ្នាក់ដឹកនាំនាយកដ្ឋានបរិវត្តកម្មឌីជីថល ដែលអង្គភាពសម្របសម្រួលកិច្ចសហប្រតិបត្តិការលើការងារនេះ ក៏ដូចជាបានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ដែលជាអតីតសិក្ខាកាមធ្លាប់បានទៅចូលរួមបណ្ដុះបណ្ដាលអភិវឌ្ឍសមត្ថភាពឌីជីថលនៅទីក្រុងប៊ូសានកាលពីខែមិថុនា ឆ្នាំ២០២៤កន្លងទៅផងដែរ ៕