អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ប្រកាសព័ត៌មានចំពោះការចេញផ្សាយរបស់សារព័ត៌មានអាស៊ីសេរី ថា «តុលាការអូស្ត្រាលី កាត់ទោសកូនមន្ត្រីជាន់ខ្ពស់ខ្មែរម្នាក់ ដែលបើកឡានរំលោភភ្លើងសញ្ញា បុកមនុស្សពីរនាក់ស្លាប់»
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅ ក្នុងការផ្សាយព័ត៌មានជាវីដេអូឃ្លីបរបស់សារព័ត៌មានអាស៊ីសេរី (RFA Khmer) កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលបានដាក់ចំណងជើងថា «តុលាការអូស្ត្រាលីកាត់ទោសកូនមន្ត្រីជាន់ខ្ពស់ខ្មែរម្នាក់ ដែល បើកឡានរំលោភភ្លើងសញ្ញាបុកមនុស្សពីរនាក់ស្លាប់» ដោយបានធ្វើអត្ថាធិប្បាយថា បុគ្គលដែលត្រូវបាន តុលាការអូស្ត្រាលីផ្តន្ទាទោសនោះមានតួនាទីជាអនុប្រធាននាយកដ្ឋានសរុប និងស្ថិតិ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ។
ពាក់ព័ន្ធនឹងករណីនេះ អគ្គលេខាធិការដ្ឋាន សូមធ្វើការបញ្ជាក់ជូន ដូចតទៅ៖
*បុគ្គលដែលត្រូវបានតុលាការរដ្ឋវិចតូរីយ៉ា នៃប្រទេសអូស្ត្រាលី ផ្តន្ទាទោសករណីបង្កគ្រោះថ្នាក់ ចរាចរណ៍នោះមានឈ្មោះថា ខឿន ឧត្តមសេនីយ៍ ដែលមិនមែនជាមន្ត្រីស្ថិតនៅក្នុងក្របខណ្ឌ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃនោះទេ។
*ដោយឡែកលោក ខឿន ឧត្តម ដែលត្រូវបានសារព័ត៌មានអាស៊ីសេរីយកឈ្មោះទៅចុះផ្សាយ ភ្ជាប់ទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍នោះ គឺជារូបវន្តបុគ្គលផ្សេងដែលមានតួនាទីជាអនុប្រធាន នាយកដ្ឋានសរុប និងស្ថិតិ នៃអគ្គលេខាធិការដ្ឋាន ហើយបច្ចុប្បន្នរូបលោកកំពុងបំពេញភារកិច្ច ជូនអង្គភាពជាធម្មតា និងពុំជាប់ពាក់ព័ន្ធនឹងករណីដែលបានផ្សព្វផ្សាយនេះទេ។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងសូមប្រព័ន្ធផ្សព្វផ្សាយនានា ជាពិសេសសារព័ត៌មានអាស៊ីសេរីកែតម្រូវខ្លឹមសាររបស់ខ្លួន ដើម្បីជៀសវាងផលប៉ះពាល់មកលើកិត្តិយស សេចក្តីថ្លៃថ្នូរបុគ្គល និងអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ៕