រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា អញ្ជើញចូលរួមពិធីបើកកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប.លើកទី ៧៩
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមពិធីបើកកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី ៧៩ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញ៉ូវយក។
កិច្ចពិភាក្សាទូទៅនេះត្រូវបានដឹកនាំដោយ ឯកឧត្តម Philemon Yang ប្រធានមហាសន្និបាត អ.ស.ប. និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម António Guterres អគ្គលេខាធិការ អ.ស.ប.ព្រមទាំងប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណាងរដ្ឋជាសមាជិកនៃអ.ស.ប.។
កិច្ចពិភាក្សាបានផ្តោតលើតួនាទីដ៏ចាំបាច់របស់ អ.ស.ប. ក្នុងការដោះស្រាយបញ្ហាប្រឈមសកល និងបានគូសបញ្ជាក់ថាមានតែការស្តារឡើងវិញនូវពហុភាគីនិយមប៉ុណ្ណោះ ដែលអាចសម្រេចបាននូវអនាគតដែលមានសន្តិភាព វិបុលភាព ចីរភាព និងបរិយាបន្នសម្រាប់គ្រប់គ្នា៕