ឯកឧត្តម សក់ សេដ្ឋា ដឹកនាំប្រតិភូអន្តរក្រសួង ប្រតិភូរាជធានី ខេត្តទាំង២៤ ចូលរួមក្នុងវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ដ្រៃយ៍ នៃ គ.ជ.អ.ប. និងជាប្រធានក្រុមការងារបចេ្ចកទេសអន្តរក្រសួង បានអញ្ជើញដឹកនាំប្រតិភូអន្តរក្រសួង ប្រតិភូរាជធានី ខេត្តទាំង២៤ ចូលរួមក្នុងវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រៀបចំដោយរដ្ឋបាលខេត្តកំពត ដែលមានការអញ្ជើញជាគណៈធិបតីពីសំណាក់ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។
វេទិកានេះមានគោលបំណងពិគ្រោះពិភាក្សារវាងរាជរដ្ឋាភិបាលជាមួយ នឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រាប់សម្រួចការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
វេទិកានេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ មន្ទីរអង្គភាពជុំវិញខេត្ត តំណាងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តំណាងអង្គការសង្គមស៊ីវិល តំណាងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងអ្នកពាក់ព័ន្ធនានា សរុបប្រមាណ ៤៩២រូប ស្រី៨៣ រូប។
គួរបញ្ជាក់ផងដែរថា៖ ការរៀបចំវេទិកានេះត្រូវធ្វើឡើងជារៀងរាល់៣ឆ្នាំម្តង ដោយចាប់ផ្តើមអនុវត្តដំបូងពីឆ្នាំ២០២៤ មានរយៈពេល ២ថ្ងៃ ក្រោមប្រធានបទស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០” ៕