ឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍៖ ដើម្បីទទួលបានភាពស្អាត យើងត្រូវគ្រប់គ្រងឲ្យបានកុំឲ្យមានការបំពុលបរិស្ថានពីមជ្ឈដ្ឋានផ្សេងៗ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ដើម្បីទទួលបានភាពស្អាត យើងត្រូវគ្រប់គ្រងឲ្យបានកុំឲ្យមានការបំពុលបរិស្ថានពីមជ្ឈដ្ឋានផ្សេងៗ។
នេះជាការថ្លែងបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាព ស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជន នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំប្រាជ្ញ ស៊ុន ជាន់ទី២ នៃទីស្តីការក្រសួងបរិស្ថាន ។
ឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍ បានមានប្រសាសន៍ថា ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន ក្រសួងបរិស្ថានបានដាក់ចេញនូវ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា។ យុទ្ធសាស្រ្តនេះដើរតួនាទីជាផែនទីបង្ហាញផ្លូវ បង្ហាញពីសកម្មភាពអាទិភាព ដើម្បីធានាចីរភាពបរិស្ថាន សុចរិតភាព ភាពធន់នឹងការប្រែប្រួលអាកាសធាតុ ។
ឯកឧត្ដមបន្ថែមថា ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នារបស់ប្រទេសក្នុងការផ្លាស់ប្តូរទៅជាប្រទេសអព្យាក្រឹតកាបូនជាមួយ 60% នៃគម្របព្រៃឈើនៅឆ្នាំ២០៥០ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ គឺផ្តោតលើភាពស្អាត ភាពបៃតង និង ចីរភាព។ ដើម្បីទទួលបានភាពស្អាត យើងត្រូវគ្រប់គ្រងឲ្យបានកុំឲ្យមានការបំពុលបរិស្ថានពីមជ្ឈដ្ឋានផ្សេងៗ។ យើងចង់បានភាពបៃតងត្រូវពង្រឹងចលនាដាំដើមឈើ ធានាការគ្រប់គ្រងប្រកបដោយចីរភាពតំបន់ការពារព្រៃឈើរបស់យើង និងផ្តល់ឱកាសឲ្យសហគមន៍របស់យើងមានជីវភាពរស់នៅកាន់តែប្រសើជាងមុន។
ឯកឧត្ដមបញ្ជាក់បន្ថែមថា លើសពីនេះទៀត ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការសំខាន់ៗរួមមាន៖
១)យុទ្ធនាការការដាំដើមឈើយ៉ាងតិច១លានដើមក្នុង១ឆ្នាំ៖ ក្រសួងបរិស្ថានមានគោលនយោបាយ ផ្តល់អាទិភាពដល់កម្មវិធីដាំដើមឈើបន្ថែម និងដាំដើមឈើឡើងវិញរួមជាមួយ និងយុទ្ធនាការដែលកំពុងបន្ត ដាំដើមឈើយ៉ាងតិច ១លានដើម ក្នុងមួយឆ្នាំ។
២)យុទ្ធការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ និងយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបាន៖ ដែលមានការចូលរួមនៃសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ ប្រជាពលរដ្ឋ និយោជិត ចំនួនប្រមាណជាង៩,១៦លាននាក់។
៣)យុទ្ធនាការសម្អាតផ្ទៃទឹក សម្អាតទន្លសាប ទប់ស្កាត់ការបង្ហូរ និងសម្អាតសំរាម សំណល់ប្លាស្ទិកពីព្រែកបឹងបួរ ដែលហូរចូលទៅក្នុងទន្លេសាប។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រុមការងារអនុវត្តគម្រោង NAP Phase1 និងថ្លែងអំណរគុណដល់ការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង(UNOPS) សម្រាប់ការគាំទ្រដល់ការអនុវត្តគម្រោងនេះ និងតែងតែបន្តកិច្ចសហការដោយយកចិត្តទុកដាក់ជាមួយក្រសួងបរិស្ថាន លើការងារប្រែប្រួលអាកាសធាតុ ៕