ឯកឧត្តម សរ សិនិរ៉ា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន ដែលមានបំណងវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិនតំណាងដោយ លោក Liu Run អ្នកចាត់ការទូទៅនៃនាយកដ្ឋានសហប្រតិបត្តិការអាជីវកម្ម ក្រុមហ៊ុន CGN Energy International Holdings Co., Limited. (CGNEI) ព្រមទាំង លោក WU JINGEN ប្រធានសមាគមសភាពាណិជ្ជកម្ម ចិន-ជាំង ស៊ូ ប្រចាំនៅកម្ពុជា (CHINA-JIANGSU GENERAL CHAMBER OF COMMERCE IN CAMBODIA) ដែលមានគោលបំណងធ្វើការស្វែងយល់អំពីកាលានុវត្តភាពវិនិយោគលើគម្រោងវិនិយោគថាមពលកកើតឡើងវិញក្នុងទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) នៅកម្ពុជា។
ក្រុមហ៊ុន CGNEI នាពេលបច្ចុប្បន្ន មានគម្រោងថាមពលអគ្គិសនីបៃតងចំនួន ៤៩ គម្រោង ដែលមានភាពរីករាលដាលរហូតដល់ ១៦ ប្រទេសនៅលើពិភពលោក ដែលរួមមាន ប្រទេសម៉ាឡេស៊ី, ប្រទេសកូរ៉េខាងត្បូង, និង ប្រទេស អារ៉ាប់រួម។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះគណៈប្រតិភូដែលអញ្ជើញមកសិក្សាស្វែងយល់លម្អិតអំពីលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគក្នុងវិស័យអាទិភាពខាងលើដោយផ្ទាល់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានជម្រាបជូនគណៈប្រតិភូអំពីព័ត៌មានចំបាច់មួយចំនួនពាក់ព័ន្ធនឹងកំណើននៃរំហូរការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា រយៈពេលមួយឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី ៧ (ខែកញ្ញាឆ្នាំ២០២៣-ខែសីហា ឆ្នាំ២០២៤, ពីរបបលើកទឹកចិត្តវិនិយោគតាមរយៈច្បាប់និងបទដ្ឋានគតិយុត្តនិងគោលនយោបាយនានា ពាក់ព័ន្ធនឹងការវិនិយោគ ដោយឯកឧត្តមបានសង្កត់បញ្ជាក់ថា សកម្មភាពវិនិយោគលើវិស័យថាមពលស្អាតនេះ ក៏ជាគម្រោងវិនិយោគដែលស្ថិតក្នុងវិស័យអាទិភាពក្រោម ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានបញ្ជាក់ជូនគណៈប្រតិភូអំពីការត្រៀមលក្ខណៈរួចជាស្រេចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការផ្តល់កិច្ចសម្រួលវិនិយោគជូនវិនិយោគិន ជាពិសេសនិន្នាការក្នុងបរិបទដែលតំបន់និងអន្តរជាតិ បាននិងកំពុងតែបោះជំហានក្នុងការធ្វើបរិវត្តកម្មថាមពលទៅជាថាមពលបៃតង ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យវិនិយោគិនមេត្តាបន្តធ្វើការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅបន្ស៊ីគម្រោងវិនិយោគខាងលើឱ្យមានសង្គតិភាពជាមួយផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ២០២២-២០៤០ ៕